ព័ត៌មានអន្តរជាតិ

រុស្ស៊ី ក្លាយជាប្រទេសផ្គត់ផ្គង់ ប្រេងធំបំផុតរបស់ឥណ្ឌា

ម៉ូស្គូ៖ បណ្តាញព័ត៌មានឯកជនរបស់ឥណ្ឌា Zee News បានរាយការណ៍ថា ប្រទេសរុស្ស៊ី ដែលបានបំពេញតម្រូវការប្រេងតិចតួចបំផុតរបស់ ប្រទេសឥណ្ឌារហូតដល់ ខែមីនាឆ្នាំនេះ បានលេចចេញជាប្រទេសផ្គត់ផ្គង់ ប្រេងដ៏ធំបំផុតរបស់ប្រទេស ក្នុងខែតុលា លើសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។

ដោយដកស្រង់ទិន្នន័យ ពីក្រុមហ៊ុនតាមដានទំនិញថាមពល Vortex របាយការណ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ីក្នុងខែតុលាមានចំនួន ២២ ភាគរយ នៃការនាំចូលប្រេងឆៅសរុប របស់ឥណ្ឌាធៀបនឹង ២០,៥ភាគរយ របស់ប្រទេសអ៊ីរ៉ាក់ និង ១៦ភាគរយរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត។

របាយការណ៍បាននិយាយថា “ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រេងឆៅចំនួន ៩៣៥,៥៥៦ បារ៉ែលក្នុងមួយថ្ងៃដល់ប្រទេសឥណ្ឌាក្នុងខែតុលា ទោះបីជាវាមានត្រឹមតែ ០,២ភាគរយ នៃប្រេងទាំងអស់ ដែលឥណ្ឌា បាននាំចូលក្នុងឆ្នាំនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២”។

របាយការណ៍បានបន្ថែមថា “ឥណ្ឌាបាននាំចូលប្រេងឆៅត្រឹមតែ ៣៦,២៥៥បារ៉ែល ពីរុស្ស៊ីក្នុងខែធ្នូ ឆ្នាំ២០២១ ធៀបនឹង ១,៥លានបារ៉ែល ពីអ៊ីរ៉ាក់ និង ៩៥២,៦២៥បារ៉ែល ពីអារ៉ាប៊ីសាអូឌីត” ។

យោងតាមរបាយការណ៍នេះ មិនមានការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលពីរខែនៃខែមករា និងកុម្ភៈ ហើយឥណ្ឌា បាននាំចូលប្រេងពីរុស្ស៊ីបន្ថែមទៀត បន្ទាប់ពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន បានផ្ទុះឡើងនៅចុងខែកុម្ភៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top