នយោបាយ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ នាយករដ្ឋមន្ត្រី វៀតណាម មកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ចំពោះលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្នុងឱកាស ដែលលោកអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃ ។

យោងតាមគេហទំព័រហ្វសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ពិធីបដិសណ្ឋារកិច្ចផ្លូវការ ចំពោះលោកនាយករដ្ឋមន្ត្រី វៀតណាម ត្រូវបានធ្វើឡើងនូវវិមានសន្តិភាព ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីប្រតិភូ នៃប្រទេសវៀតណាម និងមន្ត្រីអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះ លោក ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ។ នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ចំពោះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។

នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន ។
ក្នុងអំឡុងពេលស្នាក់នៅ រាជធានីភ្នំពេញ លោក ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌប ព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ និងនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ។
ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី វៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា – វៀតណាម» ៕

To Top