ភ្នំពេញ៖ នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំឲ្យអង្គការយូណេស្កូ(UNESCO)ដាក់បញ្ចូល ទៅជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ ដើម្បីបញ្ជាក់ផលិតផលមួួយ នេះជារបស់ខ្មែរតាំងពីសម័យកាលមុនយ៉ាង ពិតប្រាកដ។ នេះបើយោងតាមការផ្សព្វផ្សាយពីក្រសួងព័ត៌មាន។
លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកសារព័ត៌មានក្នុង ឱកាសចូលរួមបើក សន្និបាតបូកសរុបលទ្ធផលការងារក្រសួងនៅថ្ងៃ២៩ មករាថា
កម្ពុជា នឹងដាក់ឯកសារស្តីពីនំបញ្ចុកទៅអង្គការយូណេស្កូ ដើម្បីសុំចុះក្នុងបញ្ជីនៃវប្បធម៌អរូបី នៃមនុស្សជាតិនៃសម្បត្តិបេតិកភណ្ឌពិភពលោក ខណៈក្រសួងកំពុងរៀបចំឯកសារនំបញ្ចុកឲ្យរួចរាល់ក្នុងឆ្នាំ២០២០នេះ ជាមួួយការដាក់ឯកសារបេតិកភណ្ឌអរូបីមួយចំនួនទៀត ទៅអង្គការយូណេស្កូផងដែរ។
«នំបញ្ចុកខ្មែរ» មានឈ្មោះ ដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុក លាយ ទឹករួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេហៅកាត់ៗថា «នំបញ្ចុក» ។
មួយវិញទៀត តាមរយៈអក្សរសិល្ប៍ខ្មែររឿង «ធនញ្ជ័យ» ក៏បានឲ្យដឹងដែរថា «នំបញ្ចុក» មានដើម កំណើត យូរយារណាស់មកហើយ នៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយ ទាវ» ចិនទៀតផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ขนมจีน (ខៈណុមជីន) ដែលមានន័យថា «នំរបស់ជនជាតិចិន» ខណៈដែល ប្រទេសលាវ ហៅថា «ເຂົາປຸ້ນ (ខោពុន)» ដែល ប្រហែលជាមានន័យថា «នំដែលទទួលទានហើយធ្វើឲ្យហើមពោះ» ទៅវិញ។
សូមបញ្ជាក់ថា អង្គការយូណេស្កូបានទទួលស្គាល់សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិកម្ពុជាដូចជា ប្រាសាទតំបន់អង្គរនៅឆ្នាំ១៩៩២ របាំព្រះរាជទ្រព្យនៅឆ្នាំ២០០៣ ល្ខោនស្រមោលស្បែកធំនៅឆ្នាំ២០០៥ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ ល្បែងទាញព្រ័ត្រនៅឆ្នាំ២០១៥ ចាប៉ីដងវែងនៅឆ្នាំ២០១៦ ក្រុម ប្រាសាទ សំបូរព្រៃគុកនៅឆ្នាំ២០១៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្ខោនខោលវត្តស្វាយអណ្តែតដែលជាតំណាងឲ្យល្ខោនខោលនានានៅកម្ពុជា ៕