ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី កម្ពុជា-ចិន សម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

ការសម្ពោធជានិមិត្តរូបដាក់ឲ្យប្រើប្រាស់នូវផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១៨ រវាងកម្ពុជា-ចិន នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានសន្ដិភាព។

សូមរំលឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ ហើយការអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.ដោយចំណាយថវិកាជាង ២ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់អ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

លើសពីនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

To Top