ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាសហការ ជាមួយសមាជិក អាស៊ាន ដើម្បីដឹកនាំសេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាសហការ យ៉ាងជិតស្និទ្ធ ជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា អាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ និងភាពប្រកួតប្រជែងខ្ពស់ ។ នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ។

ក្នុងពិធីបើក នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាល បានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និងបានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និងឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទិក, បង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្ម ប្រព័ន្ធសន្តិសុខសង្គម ជាដើម។ ជាមួយគ្នានេះ ក្នុងនាមជាភាគីមួយ នៃកិច្ចព្រមព្រៀងអាស៊ប កម្ពុជាបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្ម ស្របតាមវិធាននៃច្បាប់ និងស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេស សមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។

សម្ដេចតេជោ បន្ថែមថា ជាងនេះទៅទៀត ដើម្បីរួមចំណែកក្នុង ការឆ្លើយតបនឹងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការបំផ្លាញបរិស្ថាន ជាដើម កម្ពុជាបានលើកសំណើ ឱ្យមានការរៀបចំនូវ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុង ការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។

សម្ដេច នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា សូមផ្ដល់ការគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ច ប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ។ កម្ពុជា សូមសម្ដែងការប្តេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេស សមាជិកអាស៊ាន និងដៃគូសន្ទនា អាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់»

To Top