ព័ត៌មានជាតិ

វៀតណាម បន្តដឹងគុណកម្ពុជា ដែលលះបង់តស៊ូដើម្បីបុព្វហេតុ នៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាម

ភ្នំពេញ៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសង្គម និយមវៀតណាម បានថ្លែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់ របស់ប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និង ឯករាជ្យភាពរបស់វៀតណាម ។

យោងតាមសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៩ វិច្ឆិកា បានឲ្យដឹងថា ភាគីកម្ពុជាបានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់កងទ័ព និង ប្រជាជនវៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ក្នុងទស្សវត្សរ៍១៩៧០ និង១៩៨០ និងការគាំទ្ររបស់វៀតណាម ចំពោះការកសាង និងអភិវឌ្ឍជាតិ ។

ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា «ភាគីវៀតណាមបានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់ របស់ប្រជាជនកម្ពុជាក្នុងការតស៊ូ ដើម្បីបុព្វហេតុ នៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាម នៅក្នុងទសវត្សរ៍១៩៦០ និង ១៩៧០ និងការគាំទ្ររបស់កម្ពុជា ចំពោះការកសាង និងអភិវឌ្ឍជាតិ» ។

ក្នុងន័យនេះ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញ និងពង្រឹងស្មារតី នៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ៕

To Top