ព័ត៌មានអន្តរជាតិ

អឺរ៉ុប ព្រាងកញ្ចប់ជំនួយថ្មី តម្លៃជាង១៨ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន

បរទេស ៖ គណៈកម្មការ​អឺរ៉ុប កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញសេចក្តីព្រាងថ្មី ជាកញ្ចប់ជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ រហូតទៅដល់ ១៨ពាន់លានអឺរ៉ូ ឬត្រូវជា១៨,០៨ពាន់លានដុល្លារ អាមេរិក។

ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen​​ បានលើកឡើងថា មកដល់ពេលនេះអឺរ៉ុប នៅតែបន្តជំហរបស់ខ្លួនក្នុងការ រួមសាមគ្គីជាមួយនឹង អ៊ុយក្រែន ហើយកញ្ចប់ជំនួយថ្មីនេះនឹងអាច ផ្តល់ឲ្យអ៊ុយក្រែនក្នុងទំរង់ មួយចំនួន ដូចជាកំចីសម្បទាន ឬជាជំនួយប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៣ជាដើម ។

គួរឲ្យដឹងដែរថា អ៊ុយក្រែននៅពេលនេះ ត្រូវការជំនួយ ដែលចាំបាច់ជាមធ្យមប្រមាណជា ១,៥ពាន់លានអឺរ៉ូ ជារៀងរាល់ខែ ដើម្បីធានាដល់ស្ថេរភាព ភាពរស់នៅជាប្រចាំថ្ងៃ របស់ពលរដ្ឋអ៊ុយក្រែន បានដែលមានន័យថា វាគ្រប់គ្រាន់សមល្មម ឲ្យអ៊ុយក្រែន អាចប្រើប្រាស់ពេញមួយឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែកន្លងមកអង្គការ មូលនិធិអន្តរជាតិហៅកាត់ថា IMF បានព្យាករណ៍ថា អ៊ុយក្រែនត្រូវការចំណាយជាប្រចាំខែ យ៉ាងហោចណាស់ពី
៣ទៅ៤ពាន់លានអឺរ៉ុប ៕

ប្រែសម្រួល៖ស៊ុនលី

To Top