ព្រុចសែល៖ ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចលោក Paolo Gentiloni បានព្រមានកាលពីថ្ងៃសុក្រថា ទស្សនវិស័យ សម្រាប់ឆ្នាំក្រោយបាន “ចុះខ្សោយយ៉ាងខ្លាំង” ហើយថាប្រទេសភាគច្រើន នៃសហភាពអឺរ៉ុប នឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ។
លោក Gentiloni បានលើកឡើងថា សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ឥឡូវនេះគឺ “ដល់ចំណុចរបត់មួយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកកំពុងថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងព្រុចសែលភ្លាមៗ បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានប្រកាសថា ខ្លួនបានកាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ។
ការព្យាករណ៍រដូវស្លឹកឈើជ្រុះ របស់គណៈកម្មការអឺរ៉ុប បានព្យាករណ៍ថា ទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំនេះ និងខែដំបូងនៃឆ្នាំ២០២៣។ ភាពមិនច្បាស់លាស់កើនឡើង សម្ពាធតម្លៃថាមពលខ្ពស់ ការថយចុះនៃអំណាចទិញរបស់គ្រួសារ បរិយាកាសខាងក្រៅខ្សោយ និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង ដែលរំពឹងថា នឹងធ្វើឱ្យសហភាពអឺរ៉ុប តំបន់ចាយប្រាក់អឺរ៉ូ និងរដ្ឋជាសមាជិកភាគច្រើនធ្លាក់ក្នុង វិបត្តិសេដ្ឋកិច្ចនៅត្រីមាស ចុងក្រោយនៃឆ្នាំ២០២២។
សម្រាប់ឆ្នាំ២០២៣ ទាំងមូល ការព្យាករណ៍បានព្យាករណ៍ថា កំណើន GDP ពិតប្រាកដ ទាំងតំបន់អឺរ៉ុប និងតំបន់ចាយប្រាក់អឺរ៉ូនៅកម្រិត ០,៣ ភាគរយ ដែលទាបជាង ១,៥ភាគរយ និង ១,៤ ភាគរយ ដែលរំពឹងទុកនៅក្នុង ការព្យាករណ៍ពីមុនពីខែកក្កដា។
លោក Gentiloni បានសង្កត់ធ្ងន់ថា “ការកើនឡើងនៃតម្លៃថាមពល និងអតិផរណាដែលកំពុងកើនឡើង ឥឡូវនេះកំពុងកាន់កាប់ ហើយយើងកំពុងប្រឈមមុខនឹង រយៈពេលដ៏លំបាកមួយទាំងពីទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច”។
លោកបានបន្ថែមថា “បន្ទាប់ពីឆមាសទីមួយដ៏រឹងមាំ គួរឱ្យភ្ញាក់ផ្អើលសេដ្ឋកិច្ចសហភាពអឺរ៉ុប បានបាត់បង់សន្ទុះនៅក្នុងត្រីមាសទី៣ ហើយទិន្នន័យស្ទង់មតិថ្មីៗនេះ បានចង្អុលបង្ហាញពីការធ្លាក់ចុះ សម្រាប់រដូវរងារ” ៕
ប្រែសម្រួល ឈូក បូរ៉ា