ព័ត៌មានជាតិ

សម្តេចតេជោ បង្ហាញសុទិដ្ឋិនិយមថា ភាពជាដៃគូ និងកិច្ចសហការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ប្រយោជន៍ជាច្រើនទៀត ដល់ប្រជាជនទាំងពីរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយម ថាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ ជាមួយលោក អានថូនី អាល់បានីស នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ នៅថ្ងៃទី១២ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ដែលប្រទេសអូស្ត្រាលី តែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម និងយន្តការនានា ដែលដឹកនាំដោយអាស៊ាន។

សម្តេចតេជោ មានប្រសាសន៍ថា នៅក្រោមក្របខណ្ឌ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-អូស្ត្រាលី សម្តេចបានកោតសរសើរនូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលតម្រូវការជាក់ស្តែង របស់ប្រទេសអាស៊ាន ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធី អូស្ត្រាលីសម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធី គាំទ្រការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ជាដើម។

សម្ដេចបញ្ជាក់ថា សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឲ្យកាន់តែស៊ីជម្រៅ ៕

To Top