ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំអកឱ្យទណ្ឌិត សម រង្ស៊ី ថា«ចាស់ រកតែរឿងចោទក្មេង មិនចេះហត់»

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានចេញមុខ បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយសារជាថ្មី ដើម្បីបញ្ជាក់ការពិត រឿងចោទថា លោកបានយកលុយ៥លានដុល្លារទិញទឹកចិត្ត អ្នកគាំទ្រនៅក្នុងប្រទេសបារាំង។

ការចេញមុខបបួលភ្នាល់នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២២ បានចេញមកប្រឌិតរឿងចោទលោកបណ្ឌិត ហ៊ុន ម៉ាណែត ថា កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។

សូមរំលឹកថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ធ្លាប់បបួលលោក សម រង្ស៉ី ស្បថដាក់ជីវិតនយោបាយផងដែរ លើការចោទប្រកាន់គុណភាពសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។
តែពេលនោះ ទណ្ឌិតក្បត់ជាតិ៣ជំនាន់រូបនេះ លិបក្បាលដូចអណ្តើកមិនហ៊ានតតាំងនោះឡើយ ហើយភស្តុតាងសំអាងលើការចោទរបស់ខ្លួននោះក៏គ្មានឃើញបង្ហាញអ្វីនោះដែរ។

នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងចោទជាសំនួរទៅកាន់ទណ្ឌិត សម រង្ស៊ី ជាថ្មីថា «អ្នកនយោបាយចាស់វស្សា ដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ចេីចបញ្ចើថា លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។

លោកបន្តថា «ឥឡូវរូបខ្ញុំផ្តល់ឱកាសមាស អោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថា រឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយ របស់ក្មេងម្នាក់ (អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ» ។

សូមបញ្ជាក់ជូនមហាជនថា៖ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជា បានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែតសង្កត់ធ្ងន់ថា «តោះលោក សម រង្ស៊ី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់»៕

To Top