ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ កម្ពុជា-ឡាវ គ្រប់ជំនាន់បានពូនជ្រុំ ចំណងមិត្តភាព យ៉ាងស្រស់បំព្រង មិនអាចមានអ្នកណា បំបែកបំបាក់បាន

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងឱ្យដឹងថា ថ្នាក់ដឹកនាំរវាង កម្ពុជា-ឡាវ គ្រប់ជំនាន់បានពូនជ្រុំ ចំណងមិត្តភាពយ៉ាង ស្រស់បំព្រង មិនអាចមានអ្នកណាមកជ្រៀតជ្រែក ឬបំបែកបំបាក់សាមគ្គីភាព រវាងប្រទេសទាំងពីរឡើយ។

នាឱកាសទទួលជួបសវនាការ ជាមួយលោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ តាំងពីរយូលង់ណាស់មកហើយ។

សម្ដេចមានប្រសាសន៍ថា«ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់ បានពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងស្រស់បំព្រង ដែលមិនអាចមានអ្នកណាមកជ្រៀតជ្រែក និងកម្លាំងអមិត្តណាមកបំបែកបំបាក់ សាមគ្គីភាពរវាងប្រទេស ទាំងពីរបានឡើយ»។

លើសពីនេះ សម្តេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្ត ឱ្យដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍នូវរាល់កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង ។

ឆ្លៀតឱកាសនោះដែរ លោកប្រធានរដ្ឋសភាឡាវ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ។ ទំនាក់ទំនងទ្វេភាគី ឡាវ-កម្ពុជា ត្រូវបានលើកកម្ពស់ជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង យូរអង្វែង» និងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំងមានការរីកចម្រើនជាលំដាប់ ក្នុងការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច នយោយបាយ ការបរទេស ការពារជាតិ ពាណិជ្ជកម្ម ដឹកជញ្ជូន អប់រំ និងទេសចរណ៍ ៕

To Top