ព័ត៌មានជាតិ

ឃុំខ្លួនអតីតបុគ្គលិក ធនាគារមហានគរ ម្នាក់ ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង៣៥ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី .២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ បានចេញដីកាឃុំខ្លួន ត្រូវចោទម្នាក់ និង បានបញ្ជូនគាត់ ទៅ ឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង៣៥ ម៉ឺនដុល្លារអាមេរិក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ជនជាប់ចោទ បានឱ្យដឹងថា: ជនត្រូវចោទរូបនេះ មានឈ្មោះ នី ដាណេត ភេទបអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែកឯ ជនរងគ្រោះ មាន ចំនួន២នាក់ មាន ជា វិយូលី អាយុ៣៤ឆ្នាំ មុខរបរបើកបរឡាន និង ម្នាក់ទៀត មានឈ្មោះ
ដារិទ្ធិ សេងហួរ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។ អ្នក ទាំង២នាក់ មានទីលំនៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ជនត្រូវចោទត្រូវបាន តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទ: «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។

គាត់អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១ ទៅ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីរុទ្ធភាព។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តាមបណ្តឹងរបស់ជនរងគ្រោះ ដែលត្រូវជាភាគី ដើមបណ្ដឹង៕

ដោយ: លីហ្សា

To Top