តេអេរ៉ង់ ៖ ប្រមុខយោធាអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សមួយចំនួន ត្រូវបានចាប់ខ្លួន ពីបទទាក់ទងជាមួយសេវាកម្ម ស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកុបកម្មថ្មីៗនេះនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) អគ្គមេបញ្ជាការ រងលោក Ali Fadavi បានបង្ហាញពីការចាប់ខ្លួន ក្នុងអំឡុងពេលការជួបជុំគ្នា នៃមេបញ្ជាការ នៃអង្គភាពវេជ្ជសាស្ត្រ IRGC នៅទីក្រុងតេអេរ៉ង់ ។
លោក Fadavi បានលើកឡើងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ IRGC បានចាប់ខ្លួន ” ភ្នាក់ងារចារកម្ម” ជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធ នឹងសេវាស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកុបកម្មថ្មីៗនេះ ហើយបានប្រគល់ពួកគេ ទៅឱ្យអាជ្ញាធរតុលាការ ដោយបន្ថែមថាពួកគេបានដើរតួជា “មេដឹកនាំបណ្តាញរបស់សត្រូវ” នៅក្នុងកុបកម្មថ្មីៗនេះ ។
លោកត្រូវបានដកស្រង់សម្តីដោយ Mehr ដែលបានលើកឡើងថា “មនុស្សទាំងនេះមិនត្រឹមតែពាក់ព័ន្ធ នឹងទូរទស្សន៍អ៊ីរ៉ង់អន្តរជាតិ ដែលប្រតិបត្តិការក្រោមសេវាចារកម្មរបស់សត្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងសេវាចារកម្ម និងចារកម្មរបស់អាមេរិកផងដែរ” ៕
ប្រែសម្រួល ឈូក បូរ៉ា