ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសចុះឈ្មោះប្រកួតលេងអុកចត្រង្គ ក្នុងការប្រកួតកីឡាជាតិលើកទី៤ ​ឆ្នាំ២០២៤

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសចុះឈ្មោះ និងចូលរួមប្រកួតកីឡាអុកចត្រង្គ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើទី២ នាឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើទី២ នាឆ្នាំ២០២៤ ខាងមុខនេះ។

សម្ដេចតេជោ បានឱ្យដឹងថា «ខ្ញុំ សូមបញ្ជាក់ថា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំនឹងចូលរួមប្រកួត ក្នុងឋានៈជាកីឡាលេងអុកចត្រង្គ សូមចុះឈ្មោះលេងពីឥឡូវ។ ទោះបីចាញ់ ឬឈ្នះ ក៏បានអង្គុយកំដរសម្រាប់កីឡា ចំណាស់​ចាស់មួយនេះ»។

សម្ដេចតេជោ បានបញ្ជាក់សារជាថ្មីថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនសាមគ្គីភាព ព្រមទាំងលើកកម្ពស់មូលធនសង្គមផងដែរ ទាំងនេះ គឺជាកត្តាកំណត់ដ៏សំខាន់ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធផលខ្ពស់។

សម្ដេចតេជោ បន្ដថា ការរៀបចំការប្រកួតកីឡា បានបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទរវាងកីឡាករ កីឡាការិនី ដូចជា ៖ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានបន្ថែមថា ការលេងកីឡា បានកាត់បន្ថយភាពតឹនតឹង ក្នុងអារម្មណ៍ ព្រមទាំងបញ្ជាឱ្យបានការប្រព្រឹត្តបញ្ហាក្នុងសង្គមនានា ដូចជា ៖ ការប្រើប្រាស់ថ្នាំញៀន អំពើហិង្សា ព្រមទាំងរក្សាបាននូវកម្លាំងកាយរឹងមាំ ដែលជាកត្តាកំណត់ដ៏សំខាន់៕

To Top