ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថ្ងៃពុធថា មនុស្សចំនួន២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅគ្រាដែលជនសង្ស័យជាសកម្មប្រយុទ្ធម្នាក់កាន់កាំបិត និងបានបំផ្ទុះខ្លួនឯងភ្លាមៗ បន្ទាប់ពីបានចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុង Bandung ។
ចំពោះការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមិនទាន់មានការបង្ហាញអំពីហេតុផលដែលអាចកើតមាននៅឡើយ ។
លោក Ahmad Ramadhan ប្រធានការិយាល័យព័ត៌មានសាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ប៉ូលិសក្រុង Bandung កំពុងសម្របសម្រួលជាមួយអង្គភាពប្រឆាំងភេរវកម្ម ជាមួយនឹងការស៊ើបអង្កេតដែលកំពុងដំណើរការ ។
លោក Ibnu Suhendra នៃទីភ្នាក់ងារប្រឆាំងភេរវកម្មឥណ្ឌូនេស៊ី (BNPT) បានប្រាប់ដល់ទូរទស្សន៍ Metro TV ថា ក្រុម Jamaah Ansharut Daulah (JAD) ដែលបំផុសគំនិតដោយរដ្ឋឥស្លាម ប្រហែលជានៅពីក្រោយការវាយប្រហារនេះ ។
លោកបានឲ្យដឹងថា JAD បានធ្វើការវាយប្រហារស្រដៀងគ្នានេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ការវាយប្រហារនេះបានសម្លាប់ជនដៃដល់ដែលសង្ស័យ និងមន្ត្រីម្នាក់ និងរបួស៨នាក់ផ្សេងទៀត រួមទាំងមន្រ្តីផ្សេងទៀត និងជនស៊ីវិលម្នាក់ផងដែរ លោក Ibrahim Tompo អ្នកនាំពាក្យរបស់ប៉ូលីស West Java បានប្រាប់ទូរទស្សន៍ Metro TV ។
មន្ត្រីប៉ូលិសក្រុង Bandung លោក Aswin Sipayung បានប្រាប់ទូរទស្សន៍ Metro TV ថា ការផ្ទុះបានកើតឡើងបន្ទាប់ពីបុរសកាន់កាំបិតនោះបានចូលទៅក្នុងអគារប៉ូលិសនៅម៉ោងប្រហែល ៨.២០ ព្រឹក (៩.២០ នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី)។
លោក Aswin Sipayung មេប៉ូលិសក្រុង Bandung បានប្រាប់ដល់ទូរទស្សន៍ Kompas TV ថា “បុរសម្នាក់បានបំពានខណៈកំពុងកាន់អាវុធដ៏មុតស្រួច គាត់កំពុងព្យាយាមចូលទៅកាន់ប៉ូលិសដែលកំពុងធ្វើការហៅទូរស័ព្ទ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា