ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន Mandous វាយប្រហារភាគខាងត្បូងប្រទេសឥណ្ឌា បង្ខំឲ្យពលរដ្ឋជិត ១០០០នាក់ជម្លៀសខ្លួនចេញ និងព័ត៌មានបឋមស្លាប់ ៤នាក់

មុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា ព្យុះស៊ីក្លូនបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងបានវាយប្រហារ សង្កាត់ជាច្រើនដោយបានបំផ្លាញទ្រព្យសម្បត្តិ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ។

លោក MK Stalin រដ្ឋមន្ត្រីប្រចាំរដ្ឋ Tamil Nadu បានប្រាប់ដល់អ្នកយកព័ត៌មានថា ព្យុះស៊ីក្លូន Mandous ដែលបានបោកបក់កាលពីយប់ថ្ងៃសុក្រ បានបំផ្លាញផ្ទះ និងខ្ទមចំនួន១៨៥ខ្នង។ ព្យុះនេះបានបំផ្លាញដើមឈើចំនួន៤០០ដើមនៅក្នុងរដ្ឋធានីនៃរដ្ឋ Chennai ដែលជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យា ។

លោក Stalin បានថ្លែងថា មនុស្សជិត២៥.០០០នាក់ រួមទាំងបុគ្គលិកសង្គ្រោះគ្រោះមហន្តរាយ បានចូលរួមក្នុងការងារសង្គ្រោះ ហើយមនុស្សជាង ៩.០០០នាក់ ត្រូវបានផ្លាស់ទៅទីទួលសុវត្ថិភាព នៅក្នុងជំរុំសង្គ្រោះចំនួន២០១កន្លែង ។

លោកបានថ្លែងប្រាប់ដល់ ក្រុមអ្នកយកព័ត៌មានថា “យើងកំពុងតែវាយតម្លៃលើការខូចខាត” ខណៈដែលលោកបានទៅមើល តំបន់រងគ្រោះមួយចំនួននោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top