ព័ត៌មានជាតិ

បណ្ដឹងតាមហ្វេសប៊ុក សម្ដេច ស​ ​ខេង​ ពាក់ព័ន្ធបទល្មើសនាពេលបច្ចុប្បន្ននេះ មានតិចជាងមុន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះមានភាពធូរស្រាល ក្នុងការទទួលពាក្យបណ្ដឹងតាមប៊ុក សម្ដេច ឬអគ្គស្នងការដ្ឋាននគរបាលជាតិដើម ពាក់ព័ន្ធបទល្មើសនានា ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងអំពើជួញដូរមនុស្ស។

សម្ដេច បន្ដថា កាលពេលមុនក្នុងមួយថ្ងៃៗ ទទួលពាក្យរហូតដល់ ២០ពាក្យបណ្ដឹង ខណៈបច្ចុប្បន្ននេះ ថ្ងៃខ្លះគ្មាន ឬមាន១ ពាក្យបណ្ដឹងតែប៉ុណ្ណោះ។

ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ សម្ដេច ស ខេង បានឱ្យដឹងថា កម្ពុជានៅតែបន្តការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។

សម្ដេច ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ និងមេដឹកនាំសាសនា គ្រប់និកាយ និងជនរួមជាតិទាំងអស់ បន្តគាំទ្រ និងចូលរួមឱ្យបានផុលផុស និងខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់។

សម្ដេច បញ្ជាក់ថា «យើងស្វាគមន៍រាល់ព័ត៌មាន បណ្ដឹងទាំងអស់ដែលពួកគាត់បញ្ជូនមក ទោះបីតាមរយៈហ្វេសប៊ុកខ្ញុំ ហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ ជាដើម មានប្រមាណជាង ៦០០បណ្ដឹង។ ពីដំបូងឡើយពាក្យបណ្ដឹងនេះ មានច្រើនក្នុងមួយថ្ងៃៗយ៉ាងតិច ១០ពាក្យបណ្ដឹង ពេលខ្លះរហូតដល់ជិត ២០ពាក្យបណ្ដឹង ប៉ុន្ដែមកដល់ពេលនេះ មានថ្ងៃខ្លះអត់មានពាក្យបណ្ដឹងទេ មានថ្ងៃខ្លះមួយពាក្យបណ្ដឹង។ អញ្ចឹងទេមានន័យថា មានភាពធូរស្រាល ប៉ុន្ដែមិនទាន់សន្មត់ថា អស់ការរំលោភ ការជួញដូរមនុស្សនោះទេ ប៉ុន្ដែបើប្រៀបធៀបមុនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មកទល់ពេលនេះ ស្ថានភាពនេះបានដោះស្រាយជាមូលដ្ឋាន ដែលយើងរួមគ្នាដោះស្រាយបញ្ហានេះបន្ដទៀត»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានណែនាំដល់ប្រជាពលរដ្ឋ បន្តសហការឱ្យបានល្អ និងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ជាពិសេស កម្លាំងសមត្ថកិច្ច ត្រូវតាមដានសភាពការណ៍ជួញដូរមនុស្សឱ្យបានជាប់ជាប្រចាំ ហើយដាក់ចេញនូវវិធានការណ៍បង្ក្រាបប្រកបដោយវិជ្ជាជីវៈ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជបានឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមានប្រសិទ្ធភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទំរង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងបង្កើតក្រុមការងារប្រតិបត្តិការដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមានការសង្ស័យយ៉ាងសកម្ម។ លើសពីនេះ គិតចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់វិច្ឆិកា ២០២២ កន្លងទៅ មាន ៦៧៦សំណើ ត្រូវបានដាក់ចូលក្នុងគេហទំព័រហ្វេសប៊ុក សម្តេច ស ខេង ដោយផ្ទាល់ និងត្រូវបានស៊ើបអង្កេត និងបង្ក្រាបបទល្មើសបន្តបន្ទាប់ ផងដែរ៕

To Top