ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា កម្ពុជា នឹងត្រូវកសាងស្ពានឆ្លងកាត់ ទន្លេ៣កន្លែង ថែមទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា កម្ពុជា នឹងត្រូវកសាងស្ពានឆ្លងកាត់ទន្លេចំនួន ៣កន្លែងថែមទៀត នាពេលខាងមុខនេះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋក្នុងការដំណើរ ជាពិសេសអភិវឌ្ឍន៍ហេដ្ឋាន រចនាសម្ព័ន្ធផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងនឹងត្រូវកសាងស្ពាន៣ទៀត នៅពេលខាងមុខនេះ ស្ពានទី១ នឹងបើកការដ្ឋាននៅខែមករា ឆ្លងកាត់ទន្លេមេង្គ ត្រង់ចំណុចខេត្តក្រចេះ»។

សម្ដេចតេជោ បន្ដថា មានការចាំបាច់ សម្រាប់អ្នកខេត្តក្រចេះ ដើម្បីតភ្ជាប់ផ្លូវពីក្រចេះ កាត់ទៅខេត្តកំពង់ធំ។ ស្ពាននេះ កាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយពីមុន ត្រូវធ្វើដំណើរទៅកំពង់ធំ ដោយឆ្លងតាមត្បូងឃ្មុំ។ តែពេលខាងមុខ នឹងត្រូវធ្វើដំណើរតាមស្ពាន ដែលកាត់ពីក្រចេះ ទៅដល់ស្ទោង ខេត្តកំពង់ធំ តែម្តង។

ចំណែកស្ពានទី២ ត្រូវសាងសង់នាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ស្ពានទី២នេះ បានចុះហត្ថលេខា កាលពីថ្ងៃ៩ ធ្នូ ដោយតភ្ជាប់ពីផ្សារចាស់-ជ្រោយចង្វា-អរិយក្សត្រ។ ស្ពាននេះជាស្ពានខ្សែកាប ឆ្លងពីភ្នំពេញ ទៅជ្រោយចង្វា ហើយទើបចេញពីជ្រោយចង្វា ទៅអរិយក្សត្រ។ សម្ដេច ថា «យើងយកថវិកាពីកូរ៉េ ២៥០លានដុល្លារ»។

រីឯស្ពានមួយទៀត នៅខាងក្រោម ដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រូវធ្វើធំដោយតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅខាងល្វាឯម ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅបាវិត ខេត្តស្វាយរៀង ព្រំដែនវៀតណាម។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ស្ពានថ្មីនេះ រាជរដ្ឋាភិបាល បានចេញលុយ ២០០លានដុល្លារ ដើម្បីធ្វើស្ពាននេះ។ នៅពេលធ្វើស្ពានរួច ទើបអាចដំណើរការផ្លូវល្បឿនលឿនថ្មីនេះបាន។ ដូច្នេះប្រជាពលរដ្ឋ អាចឆ្លងស្ពាននោះ ដោយមិនបង់លុយទេ តែនៅពេលធ្វើដំណើរតាមផ្លូវល្បឿនលឿន គឺត្រូវបង់លុយ៕

To Top