ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក ដកទណ្ឌកម្មលើ មន្រ្តីរបស់ខ្លួនជាបន្ទាន់ និងឈប់ជ្រៀតជ្រែកកិច្ចការ តំបន់ទីបេ

ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលត្រូវបានដាក់លើមន្ត្រីចិន ជាបន្ទាន់ ហើយឈប់ជ្រៀតជ្រែកក្នុងកិច្ចការទីបេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនពីររូប ជុំវិញអ្វីដែលពួកគេហៅថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងតំបន់ស្វយ័តទីបេ។

លោក Wang បានលើកឡើងថា ភាគីអាមេរិកបានដាក់ទណ្ឌកម្មខុសច្បាប់លើមន្ត្រីចិន នៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ ដែល “ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រំលោភលើបទដ្ឋានជាមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរ។ “

លោក Wang បាន​លើកឡើងថា “ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​”។ លោកបានបន្ដថា សហរដ្ឋអាមេរិក គ្មានសិទ្ធិដាក់ទណ្ឌកម្ម ដែលមិនមានការធានា ចំពោះប្រទេសផ្សេងទៀតនោះទេ ហើយមិនមានតួនាទីជា “ប៉ូលីសពិភពលោក” នោះដែរ។

លោកបានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕ប្រែសម្រួល ឈូក បូរ៉ា

To Top