តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G-7) បានប្តេជ្ញាថានឹង “បង្កើនសម្ពាធ” សេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ចំពេលមានសង្រ្គាមលើអ៊ុយក្រែន និងស្វែងរកការផ្តល់ប្រព័ន្ធការពារដែនអាកាសដែលត្រូវការច្រើនដល់ទីក្រុងគៀវ ខណៈពេលដែលគេកត់សំគាល់ថា ពួកគេមិនឃើញមានភស្តុតាងណាមួយនៃទីក្រុងម៉ូស្គូ បានប្តេជ្ញាចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត សមាជិក G-7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ក៏បានឲ្យដឹងផងដែរថា ពួកគេប្តេជ្ញាជួយអ៊ុយក្រែនជួសជុល និងការពារហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងទឹក ដែលរងការខូចខាតដោយការវាយប្រហាររបស់ទីក្រុងម៉ូស្គូ និងជួយដល់ប្រទេសអ៊ុយក្រែនក្នុងការបំពេញតម្រូវការត្រៀមរដូវរងារបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ថ្ងៃនេះ យើងបញ្ជាក់សារជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពរបស់យើងជាមួយអ៊ុយក្រែន ក្នុងការប្រឈមមុខនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ដរាបណាវាត្រូវការ”។
ដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែនសម្រាប់ឧបករណ៍យោធាក្នុងកិច្ចខិតខំប្រឹងប្រែងការពារខ្លួន សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការផ្គត់ផ្គង់សមត្ថភាពការពារដែនអាកាស គឺជា “ការផ្តោតអារម្មណ៍ភ្លាមៗ” ។
សហរដ្ឋអាមេរិក បានព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងអ៊ីរ៉ង់ ដែលកំពុងកើនឡើង ដោយអះអាងថា ទីក្រុងតេអេរ៉ង់កំពុងផ្តល់ឱ្យទីក្រុងម៉ូស្គូ នូវយន្តហោះដ្រូន សម្រាប់ប្រើប្រាស់ក្នុងសមរភូមិ រួមទាំងការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន។
ក្រុមប្រទេស G-7 ក៏នឹងនៅតែប្តេជ្ញាចិត្ត ចំពោះ “វិធានការដាក់ទណ្ឌកម្មសម្របសម្រួល ដែលមិនធ្លាប់មានពីមុនមក” របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី ហើយនឹង “រក្សា និងបង្កើនសម្ពាធសេដ្ឋកិច្ច” លើទីក្រុងម៉ូស្គូ ក៏ដូចជាអ្នកដែលគេចវេសពីវិធានការដាក់ទណ្ឌកម្ម នេះបើយោងតាមសេចក្តីថ្លែងការណ៍៕