ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបាន ដោយគ្មានការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡេីយ។
ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានិងសមិទ្ធផលនានានៅ ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២សម្ដេច ស ខេង បានទាញការចាប់អារម្មណ៍មេឃុំ ចៅសង្កាត់ និងស្មៀន ត្រូវខិតខំពង្រឹងគុណភាពនៃការបំពេញការងារ ដើម្បីធានាឱ្យការផ្ដល់សេវាផ្សេងទៀតក្នុងមូលដ្ឋានមានភាពល្អប្រសើរ។
សម្ដេច បញ្ជាក់ថា “អាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវឱ្យបានល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ធ្វើជាគម្រូល្អក្នុងការបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយគ្មានការប្រកាន់បក្សពួក និងនិន្នាការនយោបាយ”។
លេីសពីនេះ សម្ដេច ស ខេង ក៏បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព បន្តរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈការអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការលុបបំបាត់គ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំកូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាងនេះទៅទៀត សម្ដេច នាយករដ្ឋមន្ត្រីស្ដីទី ក៏បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ហើយប្រសិនបើអត្តសញ្ញាណបណ្ណជិតផុតសុពលភាព ឬហួសសុពលភាព សូមទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់ ដើម្បីបំពេញបែបបទធ្វើអត្តសញ្ញាបណ្ណថ្មីសម្រាប់បម្រើឱ្យការបោះឆ្នោត និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេច ក៏ណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមគោរពអនុវត្តទៅតាមច្បាប់បោះឆ្នោត ដើម្បីរួមគ្នាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ៕