ព័ត៌មានជាតិ

អឺរ៉ុប សន្យាបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពដល់កម្ពុជា

" "

ភ្នំពេញ៖ លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានថ្លែងសន្យានៅចំពោះមុខលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថាសហភាពអឺរ៉ុបនឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ជូនដល់កម្ពុជាតាមការចាំបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Valdis Dombrovskis ដើម្បីពិភាក្សាអំពីការរឹតចំណង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី១៣ ធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបអំពីស្ថានភាពសេដ្ឋកិច្ច ដែលកំពុងងើបប្រសើរឡើងវិញរបស់កម្ពុជា ដែលមានការបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ច និងការខិតខំស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតលើវិស័យអាទិភាព ជាច្រើនឆ្លើយតបនឹងការអភិវឌ្ឍ ពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការ និងការឈានឆ្ពោះទៅចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

" "

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសហភាពអឺរ៉ុបនិងប្រជាជនអឺរ៉ុប ចំពោះការគាំទ្រនិងការផ្តល់ជំនួយ ហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍លើវិស័យសំខាន់ៗ របស់កម្ពុជាដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការកសាងធនធានមនុស្សជាដើម។

" "

ជាកិច្ចឆ្លើយតបស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានស្ថានភាពល្អប្រសើរ ទោះបីជាក្នុងដំណាក់កាលនៃ បញ្ហាប្រឈមបង្ករដោយជំងឺ រាតត្បាតសកលក៏ដោយ។

ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានទទួលស្គាល់អំពីផលលំបាក ដែលកម្ពុជាអាចនឹងជួបប្រទះ ក្រោយពេលកម្ពុជាចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ ហើយបានជម្រាបជូនថា សហភាពអឺរ៉ុបនឹងបន្តអនុវត្ត យន្តការគាំទ្រដល់ប្រទេស អភិវឌ្ឍន៍តិចតួចដែលគ្រោង Graduation រួមទាំងកម្ពុជា សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ ។

សម្រាប់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មក្នុងតំបន់ ភាគី EU បានជម្រាបអំពីការគាំទ្ររបស់ EU ដល់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ ហើយបានលើកពីសេចក្តីព្រាង ផែនការសកម្មភាពដើម្បីអនុវត្តភាព ជាដៃគូយុទ្ធសាស្រ្ត ASEAN-EU (2023-2027) និងអំពីកិច្ចពិគ្រោះយោបល់ ASEAN-EU Consultation ដែលនឹងក្លាយជាកត្តានាំផ្លូវសម្រាប់ វឌ្ឍនភាពទៅថ្ងៃខាងមុខ នៃការចរចាបង្កើត ASEAN-EU Free Trade Agreement។

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានឯកភាពនិងប្តេជ្ញាបន្តកិច្ចសន្ទនាល្អ ក៏ដូចជាដូចជាកិច្ចសហប្រតិបត្តិការ ស្អិតរមួតប្រកបដោយស្មារតីជួយគ្នា បំពេញបន្ថែម និងគោរពគ្នាទៅវិញទៅមក ៕

To Top