ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ រវាងមហាអំណាច ធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់ អន្តរជាតិ ដូចជា គំរាមកំហែងដល់ស្ថិរភាព សន្តិភាព និងការរីកចម្រើន។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និង អបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍ អឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានសេចក្ដី រីករាយ ចំពោះកិច្ចសន្ទនា របស់អាស៊ាន និងសហភាពអឺរ៉ុប លើប្រធានបទជាច្រើន ដែលមានសារសំខាន់ ក្នុងតំបន់ទាំងពីរប្រកប ដោយភាពបើកចំហរ និងស្មោះត្រង់ ព្រមទាំងស្ថាបនា ។
សម្តេចតេជោ បានបញ្ជាក់ថា «ជាមួយគ្នានេះ អ្វីដែលធ្វើឱ្យដៃគូររបស់យើង រឹតតែសំខាន់ទៀតនោះ គឺការវិវឌ្ឍន៍ស្ថានភាពដ៏គួរព្រួយបារម្ភ និងផុយស្រួយ ដែលពិភពលោកទាំងមូលប្រឈម ទៅនឹងការសាកល្បងដ៏ធំមួយមិនធ្លាប់មានពីមុនមក ។ តួយ៉ាង ដូចជា ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ រវាងមហាអំណាច ការធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងបានគំរាមកំហែង ដល់ស្ថិរភាព សន្តិភាព និងការរីកចម្រើន ស្របពេលជាមួយ នឹងការកើនឡើង នៃការប៉ះទង្គិចប្រដាប់អាវុធ និងសង្គ្រាម ដូចដែលតំបន់យើងទាំងពីរ កំពុងប្រឈម»។
ចំពោះបញ្ហានៅអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគោរព អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព ខាងនយោបាយ៕