គៀវ៖ សារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យសហភាពអឺរ៉ុប ជួយអ៊ុយក្រែន ក្នុងការទិញឧស្ម័ន និងអគ្គិសនីដែលត្រូវការ ដើម្បីដំណើរការក្នុងរដូវត្រជាក់។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលកំពុង និយាយនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាអឺរ៉ុប តាមរយៈតំណភ្ជាប់វីដេអូថា “ខ្ញុំជំរុញឱ្យអ្នកបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យយើងអាច រក្សាការផ្គត់ផ្គង់ថាមពល សម្រាប់ប្រជាជនអ៊ុយក្រែន” ។
លោក ហ្សេឡិនស្គី បានលើកឡើងថា អ៊ុយក្រែន ត្រូវការការគាំទ្រពីសហភាពអឺរ៉ុប ក្នុងការទិញឧស្ម័នចំនួន ២ពាន់លានម៉ែត្រគូប ដែលនឹងប្រើប្រាស់ ដើម្បីទូទាត់សងការខូចខាត ដែលបណ្តាលមកពីការវាយប្រហារ របស់រុស្ស៊ី ចំពោះប្រភេទថាមពលផ្សេងៗទៀត។
លោកបានបន្ថែមថា ក្រៅពីនេះអ៊ុយក្រែន ចាប់អារម្មណ៍ក្នុងការនាំចូលអគ្គិសនី ពីសហភាពអឺរ៉ុប ដែលមានតម្លៃ ៨០០ លានអឺរ៉ូ (ប្រហែល ៨៤៩ លានដុល្លារ) ។
ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក រុស្ស៊ីបានធ្វើការវាយប្រហារ តាមអាកាសចំនួនប្រាំបីលើកប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន។ យោងតាមរដ្ឋាភិបាលអ៊ុយក្រែន ប្រហែលពាក់កណ្តាលនៃគ្រឿងបរិក្ខារ ថាមពលរបស់ប្រទេសនេះ ត្រូវបានខូចខាតដោយសារ ការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា