ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ព្រមានពីការដាច់ចរន្តអគ្គិសនី រយៈពេលយូរ ក្រោយពីរុស្ស៊ីវាយប្រហារ ដោយមីស៊ីល មកលើបណ្តាញអគ្គីសនី

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះ អ៊ុយក្រែនកំពុងធ្វើការដើម្បីស្ដារអគ្គិសនីដល់មន្ទីរពេទ្យ ប្រព័ន្ធកម្តៅ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្សេងទៀតនៅក្នុងទីក្រុងធំៗ បន្ទាប់ពីរលកចុងក្រោយនៃការវាយប្រហាររបស់រុស្ស៊ី មកលើបណ្តាញអគ្គិសនីបានជំរុញឱ្យមានការចោទប្រកាន់ថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។

គ្រាប់មីស៊ីលដែលបានបាញ់ កាលពីថ្ងៃសុក្របានធ្វើឱ្យទីក្រុង ជាច្រើនចូលទៅក្នុងភាពងងឹត ដាច់ទឹក និងកម្តៅ និងបង្ខំឱ្យប្រជាជនស៊ូទ្រាំនឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំង ។

នៅក្នុងរដ្ឋធានី ជាកន្លែងដែលអភិបាលក្រុងបានថ្លែងថា មានតែអ្នកស្រុក ១/៣ ប៉ុណ្ណោះដែលមានកម្តៅ ឬទឹក មនុស្សដែលរុំដោយអាវរងាររដូវរងា បានប្រមូលផ្តុំគ្នាចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារ តាមអាកាសបានបន្លឺឡើងនៅពេលព្រឹក ។

អ្នកស្រី Lada Korovai អាយុ២៥ឆ្នាំជាអ្នករស់នៅទីក្រុង គៀវ បាននិយាយថា “ខ្ញុំភ្ញាក់ឡើងខ្ញុំបានឃើញគ្រាប់រ៉ុក្កែតនៅលើមេឃ” ។ “ខ្ញុំបានឃើញហើយយល់ថា ខ្ញុំត្រូវទៅរកកន្លែងជ្រកគេចពីគ្រាប់ទាំងនោះ”  ។

ក្រុមហ៊ុនផ្តល់ថាមពលជាតិរបស់អ៊ុយក្រែន បានដាក់ការដាច់ចរន្តអគ្គិសនីដោយនិយាយថា ប្រព័ន្ធរបស់ខ្លួនបានបាត់បង់សមត្ថភាពជាងពាក់កណ្តាល បន្ទាប់ពីការវាយប្រហារបានកំណត់គោលដៅ “បណ្តាញឆ្អឹងខ្នង និងឧបករណ៍បង្កើត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top