ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ទំនាក់ទំនងរវាង EU និង ស៊ែប៊ី មើលទៅដូចជា អាពាហ៍ពិពាហ៍ ដែលចាប់ផ្តើមដោយការផិតក្បត់

បរទេស៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា សហភាពអឺរ៉ុបកំពុងក្បត់ប្រទេសស៊ែប៊ី ដោយផ្តល់ឱកាសនៃការចូលជាសមាជិកកូសូវ៉ូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងប្លុក និងរដ្ឋបាល់កង់ខាងលិចនៅដើមខែនេះ ត្រូវបានបន្តដោយភាពតានតឹងរវាងប្រទេសស៊ែប៊ី និងកូសូវ៉ូ ដែលលោកស្រី Maria Zakharova បានសរសេរនៅក្នុងសារ Telegram កាលពីថ្ងៃអាទិត្យ ដោយបង្ហាញថា សកម្មភាពរបស់ទីក្រុងព្រុចសែល ប្រហែលជាមានតួនាទីធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

នៅឯកិច្ចប្រជុំកំពូលនៅរដ្ឋធានី Tirana នៃប្រទេសអាល់បានីកាលពីថ្ងៃទី៦ ខែធ្នូ ទីក្រុងប្រ៊ុចសែលបាននិយាយថា ទាំងប្រទេសស៊ែប៊ី និងតំបន់ផ្តាច់ខ្លួននៃកូសូវ៉ូមាន “ទស្សនវិស័យរបស់អឺរ៉ុប” ។ មួយសប្តាហ៍ក្រោយមក អាជ្ញាធរកូសូវ៉ូបានចាប់ខ្លួនអតីតមន្ត្រីប៉ូលិសជនជាតិស៊ែប៊ីម្នាក់ ដែលការចាប់ខ្លួននេះបានបង្កឱ្យមានការតវ៉ាក្នុងចំណោមជនជាតិស៊ែប៊ីកូសូវ៉ូ។

ដោយសារភាពតានតឹងនៅតែបន្តកើតមាននៅតាមដងផ្លូវនៃទីក្រុងកូសូវ៉ូ នាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោក Albin Kurti បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ លោកស្រី Zakharova បានកត់សម្គាល់ដោយបន្ថែមថា “ដំណើរការនយោបាយមួយត្រូវបានចាប់ផ្តើម” ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានអះអាងថា សហភាពអឺរ៉ុបកំពុងដឹកនាំទីក្រុងបែលក្រាដទៅកាន់ “អនាគតដ៏ភ្លឺស្វាង” ជាមួយដៃម្ខាង ខណៈដៃម្ខាងទៀតដែលកំពុងប្រព្រឹត្តអំពើញុះញង់ប្រឆាំងស៊ែប៊ីជាមួយភាគីម្ខាងទៀត” លោកស្រីបន្ថែមថា “នេះគឺជាការក្បត់តាំងពីដើមដំបូង” ដោយប្រៀបធៀបទំនាក់ទំនងរវាងទីក្រុងព្រុចសែល និងបែលក្រាដទៅនឹង “អាពាហ៍ពិពាហ៍ដែលចាប់ផ្តើមដោយការផិតក្បត់” ៕ប្រែសម្រួលៈ ណៃ តុលា

To Top