ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់ទូតអូស្ដ្រាលី ប្រចាំកម្ពុជា ថា សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុត ហើយសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតនោះទេ ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតឡេីយ។
នាឱកាសអនុញ្ញាតឱ្យលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោក ត្រូវចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ទាំងវ៉ាក់សាំងកូវីដ១៩ ឧបករណ៍ថែរក្សាវ៉ាក់សាំង ដល់កម្ពុជា។
សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា «ជំនួយនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា ដែលសិទ្ធិរស់រានមានជីវិតគឺសំខាន់បំផុត សម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រៀនមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ»។
សម្ដេចតេជោ បន្ដថា ជាក់ស្តែងដូចជាការអនុញ្ញាតឲ្យចុះចតកប៉ាល់ Westerdam ចូលចត ជាសក្ខីភាពដែលកម្ពុជា ចាត់ទុកសិទ្ធិរស់រានមានជីវិតសំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើកម្ពុជាបានអនុញ្ញាតឲ្យកប៉ាល់ Westerdam ចុះចតទេនោះ មិនដឹងជាវាសនាប្រជាជននៅលើកប៉ាល់នោះ ទៅជាយ៉ាងណានោះទេ ដែលនៅពេលដែលប្រទេសជាច្រើនមិនឱ្យកប៉ាល់នោះចូលចត។
នាឱកាសនោះ លោក Pablo Kang បានឱ្យដឹងថា ទោះបីបេសកកម្មការទូតរបស់ លោក ស្ថិតក្នុងកំឡុងពេលមានជំងឺកូវីដ១៩ ក៏ដោយ លោក បានចូលរួមចំណែកធ្វើការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការជំរុញ ការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង លើវិស័យដោះមីន ការបង្កើតអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី វិស័យការពារជាតិការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានអូស្ត្រាលី។
ក្នុងឱកាសនោះដែរលោក Pablo Kang ក៏បានគោរពសម្ដែង នៅការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរជូនចំពោះ លោក Pablo Kang ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈអ្វីដែលបានលើកឡើងខាងដើម រួមទាំងវិស័យកសិកម្មផងដែរ៕