BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្សចំនួន ៣៦នាក់បានរងរបួស និង១១នាក់របួសធ្ងន់ បន្ទាប់ពីជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines ចេញពីទីក្រុង Phoenix ទៅកាន់ទីក្រុង Honolulu ត្រូវបានវាយប្រហារដោយខ្យល់ បោកបក់យ៉ាងខ្លាំង ។
អ្នកដំណើរម្នាក់បាននិយាយថា មានការញ័រ ហើយបានញ័រខ្លាំងណាស់ដែលពួកគេ “អណ្តែតចេញពីកៅអីរបស់យើង” ។
មនុស្សចំនួន២០នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុកដោយមានរបួស រាប់ចាប់ពីរបួសស្នាមជាំ និងបាត់បង់ស្មារតីរហូតដល់របួសក្បាល ។
ព្យុះផ្គររន្ទះត្រូវបានគេ រាយការណ៍នៅតំបន់នោះ នៅពេលមានខ្យល់ព្យុះបោកបក់ ។
កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ របស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ។
គេបានដឹងថា មានអ្នកដំណើរចំនួន ២៧៨នាក់ និងនាវិក១០នាក់ នៅលើយន្តហោះ Airbus A330-200 ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនៅលើជើងហោះហើរ HA35 បានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ភ្លាមៗមុនពេលដែលយន្តហោះ បានចូលមកចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិ Daniel K Inouye នៃទីក្រុង Honolulu ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines បានឲ្យដឹងថា “ការថែទាំសុខភាពត្រូវបានផ្តល់ជូនភ្ញៀវ និងសមាជិកនាវិកជាច្រើននាក់ នៅអាកាសយានដ្ឋានសម្រាប់ អ្នករបួសស្រាល ខណៈដែលអ្នកខ្លះត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដើម្បីមើលថែទាំបន្ថែមទៀត” ។
ក្នុងចំណោមមនុស្សដែល ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ មានប្រហែល ១៧នាក់ជាអ្នកដំណើរ និង៣នាក់ជាសមាជិកនាវិក ក្នុងនោះមានទារកអាយុ១៤ខែ និងក្មេងជំទង់ម្នាក់ក្នុងចំណោម ពួកគេដែលរងរបួស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា