ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចាប់ផ្តើមរឹតបន្តឹងតាមព្រំដែន ជាប់នឹងប៊ែលឡារុស្ស ដោយបារម្ពថា រុស្ស៊ី កំពុងរៀបចំផែនការ វាយប្រហារជាថ្មី

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាល បានលើកឡើងថា អ៊ុយក្រែនកំពុងរឹតបន្តឹង ការការពារព្រំដែន របស់ខ្លួនជាមួយប៊ែលឡារុស្ស ជុំវិញការភ័យខ្លាចថា រុស្ស៊ី អាចនឹងរៀបចំការវាយប្រហារជាថ្មី ។
លោក Yevhen Yenin អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ដល់ទូរទស្សន៍ BBC ថា អ៊ុយក្រែននឹងពង្រឹងព្រំដែន នៅជាប់នឹងប្រទេសបេឡារុស្ស ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ និងគ្រាប់រំសេវ ។

ករណីនេះបានកើតឡើងនៅគ្រា ដែលលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើដំណើរទៅកាន់ទីក្រុង Minsk ដើម្បីជួបជាមួយប្រធានាធិបតី ប៊ែលឡារុស្ស លោក Alexander Lukashenko ។

គេបានដឹងថា ប្រទេសប៊ែលឡារុស្ស មានព្រំប្រទល់ជាប់ជាមួយនឹងរុស្ស៊ី ក៏ដូចជាអ៊ុយក្រែន ផងដែរ ។

នៅមុនដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី ពូទីន ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងទ័ពរបស់ខ្លួនដែលឈរជើង នៅក្នុងប្រទេសប៊ែលឡារុស្ស នឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយប៊ែលឡារុស្ស ។

ប្រតិកម្មនឹងការលើកឡើងនេះ និងដំណើរ ទស្សនកិច្ចនេះដែរ លោក Yenin បានបញ្ជាក់ថា “យើងកំពុងកសាងខ្សែការពារ របស់យើងនៅទូទាំងព្រំដែន ជាមួយរុស្ស៊ី និងជាមួយប្រទេសប៊ែឡារុស” ។

ខណៈដែល ប៊ែលឡារុស្ស មិនបានចូលរួមក្នុង សង្គ្រាមដោយផ្ទាល់ តែប្រទេសនេះបានអនុញ្ញាត ឱ្យទាហានរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការឈ្លានពាននៅក្នុងខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top