ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ឆ្លើយតបនឹងការលើកឡើង របស់អាមេរិក ពាក់ព័ន្ធនឹងការរីករាលដាល នៃជំងឺកូវីដ ១៩ របស់ចិន

នៅថ្ងៃទី ២០ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ ។
មានអ្នកសារ ព័ត៌មានសួរថា កាលពីថ្ងៃទី ១៩ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក បានអះអាង ក្នុងសន្និសីទ សារព័ត៌មានថា ពិភពលោក ទាំងមូល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីការ រីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងប្រទេសចិន ហើយរំពឹងទុកថា ប្រទេសចិននឹងចាត់ចែងរឿងនេះ ដោយសមរម្យ ។ ដោយគិតពិចារណា ពីទំហំសេដ្ឋកិច្ចដ៏ធំធេងរបស់ចិន វាមានអំណោយផល ដល់ប្រទេសចិនផង និងពិភពលោកទាំងមូលផង ។ តើប្រទេសចិនមានការឆ្លើយតប យ៉ាងណាចំពោះរឿងនេះ ?

លោកស្រី Mao Ning បានលើកឡើងថា ចាប់តាំងពីបាន ផ្ទុះរាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងមក ជានិច្ចកាល រដ្ឋាភិបាលចិន តែងតែប្រកាន់ខ្ជាប់ការ តម្កល់ទុកប្រជាជន ជាអាទិភាពនិង តម្កល់ទុកអាយុ ជីវិតជាចម្បង ក៏ដូចជា គិតពិចារណា ពីសភាពការណ៍ជាតិ របស់ខ្លួន ដើម្បីតាក់តែងគោល នយោបាយប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលសមស្របនឹងផល ប្រយោជន៍ របស់ប្រជាជនចិនទាំងមូល ។ ការពិតជាក់ស្តែង បានបញ្ជាក់ថា គោលនយោបាយបង្ការ និង គ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិន ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនេះ បានធានាការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន ក្នុងកម្រិតអតិបរមា ក៏ដូចជាបានកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ដែលបណ្តាល មកពីជំងឺកូវីដ ១៩ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

លោកស្រី Mao Ning បានថ្លែងទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន កំពុងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិធានការ បង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ដើម្បីធានាបាននូវការរៀបចំចាត់ចែង ប្រកបដោយប្រសិទ្ធភាពនូវការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យបានកាន់តែល្អ ។ រដ្ឋាភិបាលចិន រីករាយរួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍អន្តរជាតិដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមខាងជំងឺឆ្លង ក្នុងន័យជំរុញការ កសាងសហគមន៍រួមសុខភាព របស់មនុស្សជាតិ ៕

To Top