ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃអាទិត្យនេះ យោធាចិនបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធ នៅដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹង “ការបង្កហេតុ” ដែលមិនបានបញ្ជាក់ ច្បាស់លាស់ពីកោះ ដែលគ្រប់គ្រងដោយ លទ្ធិប្រជាធិបតេយ្យ និងសហរដ្ឋអាមេរិក នោះទេ ។
កោះតៃវ៉ាន់ ដែលប្រទេសចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិន ច្រំដែលៗ នៅក្បែរនោះក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ ឬយូរជាងនេះ នៅគ្រាដែលក្រុងប៉េកាំង ព្យាយាមដាក់សម្ពាធលើក្រុងតៃប៉ិ ឱ្យទទួលយកអធិបតេយ្យភាព របស់ប្រទេសចិន ។
ប្រទេសចិន បានរៀបចំធ្វើសមយុទ្ធសង្គ្រាមជុំវិញកោះតៃវ៉ាន់ ក្នុងខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ហើយកាលពីថ្ងៃសៅរ៍ ខ្លួនបានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះច្បាប់អនុញ្ញាតការពារជាតិថ្មី ដែលជំរុញជំនួយយោធា សម្រាប់កោះតៃវ៉ាន់ ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ បញ្ជាការប្រចាំតំបន់ភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា ខ្លួនបានអនុវត្ត “ការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធវាយប្រហារ ដោយកម្លាំងអាវុធរួមគ្នា” នៅជុំវិញកោះតៃវ៉ាន់ ទោះបីជាវាមិនបានបញ្ជាក់ទីតាំងពិតប្រាកដក៏ដោយ ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយ ភ្លាមៗនោះទេ ៕