ព័ត៌មានជាតិ

សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃទី២៨ ធ្នូ ដល់ ៣ មករា តំបន់មួយចំនួន នឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី៣ មករា ឆ្នាំ២០២៣ តំបន់មួយចំនួននឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ។​

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ធ្នូ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ធ្នូដល់ថ្ងៃទី៣ មករាបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុង នៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី  ១៨-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C ។​ ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។ ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាមានពី១៥-១៩°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C។​ ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី ១៥-២២°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C ។ ​អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។

ក្រសួងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាប ជាព័ត៌មានព្រមទាំងយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕

To Top