កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវលំមួយខ្សែ ប្រវែង ១១,៩៦០ម៉ែត្រ តភ្ជាប់ពីភូមិអន្លង់ស្នូក ឃុំអូរស្វាយ ទៅភូមិល្អាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីអភិវឌ្ឍន៍ជាផ្លូវក្រៅកៅស៊ូ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពី អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យដោយផ្ទាល់ លោក យល់ឃើញថា ផ្លូវមួយខ្សែនេះ ជាផ្លូវយុទ្ធសាស្ត្រសំខាន់មួយ ដែលមានបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ច្រើន ដូចជាការដឹកកសិផលមកកាន់ទីផ្សារ(ស្រូវ ស្វាយចាន្ទី ដំឡូងមី ការធ្វើដំណើរទៅប្រកបអាជីវកម្មផ្សេងៗ ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារទៅសាលារៀន ។ល។
ប៉ុន្តែដោយស្ថានភាពបច្ចុប្បន្នផ្លូវមួយខ្សែនេះ មានការខូចខាតខ្លាំង ពិបាកក្នុងការប្រើប្រាស់ ទើបអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានធ្វើសំណើរទៅរដ្ឋាភិបាល ដើម្បីសុំអភិវឌ្ឍនផ្លូវ ជាផ្លូវក្រាលកៅស៊ូវិញ ដែលមានប្រវែង ១១,៩៦០ ម៉ែត្រ ទទឹង៧ម៉ែត្រ តភ្ជាប់ពីភូមិអន្លង់ស្នូក ឃុំអូរស្វាយ ទៅភូមិល្អាក ឃុំស្រក ស្រុកកំពង់សៀម ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ចំពោះផ្លូវយុទ្ធសាស្ត្រមួយខ្សែនេះ គេរំពឹងទុកថា នឹងបានស្ថាបនាជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ៕