ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសនៅអឺរ៉ុប បង្ខំចិត្តសម្លាប់សត្វស្លាប ជាច្រើនក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សី

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា កសិករចិញ្ចឹមមាន់នៅ ទូទាំងទ្វីបអឺរ៉ុប ត្រូវបានបង្ខំឱ្យសម្លាប់ហ្វូងសត្វរបស់ពួកគេនៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីបង្អាក់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីដែលឆ្លងខ្លាំងនៅទ្វីបនេះ ។

កាលពីថ្ងៃពុធ អាជ្ញាធរស៊ុយអែតបានប្រកាសថា ពួកគេនឹងសម្លាប់មាន់ប្រហែល១៦៥.០០០ក្បាល នៅកសិដ្ឋានតែ១ នៅភាគខាងត្បូង នៃប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Salmonella ។

លោកស្រី Katharina Gielen ប្រធានផ្នែកគ្រប់គ្រង និងបង្ការជំងឺនៅក្រុមប្រឹក្សាកសិកម្មស៊ុយអែត បានប្រាប់ដល់ ទីភ្នាក់ងារស៊ិនហួថា “យើងបានសម្រេចចិត្តសម្លាប់សត្វមុនពេលត្រូវបានធ្វើអនាម័យ ហើយសត្វថ្មីត្រូវបានណែនាំឡើងវិញ” ។

នៅសាធារណរដ្ឋឆេក វាត្រូវបានប្រកាសក្នុងសប្តាហ៍នេះថា មាន់ជាង៧៥០.០០០ក្បាលនៅលើចង្កោមកសិដ្ឋាននៅ ភាគខាងលិច នៃប្រទេសត្រូវបានសម្លាប់ដោយហេតុផលស្រដៀងគ្នានេះ ។

រដ្ឋបាលបសុពេទ្យរដ្ឋរបស់ប្រទេសនេះបានលើកឡើងថា “ទោះបីជាមានវិធានការណ៍ និងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក៏ដោយ ក៏វាមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺបក្សីដែលឆ្លងខ្លាំងទៅកាន់តំបន់ផ្សេងទៀតបានដែរ” ។

ទន្ទឹមនឹងនេះដែរ ប្រទេសបារាំង ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយលើសត្វ មាន់ និងមាន់តួកគីរបស់ខ្លួន ។

សត្វស្លាបរាប់សិបលានក្បាលនៅទូទាំងទ្វីបអឺរ៉ុប ត្រូវបានគេរាយការណ៍ថាត្រូវបានរក្សាទុកនៅក្នុងផ្ទះ ដើម្បីការពារ សុវត្ថិភាព ដោយបន្ថែមលើការចំណាយលើការ ថែទាំ និងបង្កើនលទ្ធភាពនៃការរីករាលដាលយ៉ាងឆាប់ រហ័សប្រសិនបើចំនួនប្រជាជនទាំងនោះឆ្លងមេរោគ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top