ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ FATF លើកទឹកចិត្តកម្ពុជាឱ្យនាំមុខប្រទេស ដទៃលើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង

ភ្នំពេញ៖ លោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ (FATF) បានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀតលើ វិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង ។

ការលើកទឹកចិត្តរបស់ មន្ត្រីជាន់ខ្ពស់ FATF បែបនេះ ធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ។

ក្នុងជំនួបនេះ លោកស្រី ម៉ាលីន បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានដឹកនាំប្រតិភូមកកាន់កម្ពុជា ។ លោកស្រី ម៉ាលីន បានសម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយបានបើកប្រទេសជាតិ និងបើកសេដ្ឋកិច្ចឡើងវិញ។

លោកស្រី ម៉ាលីន ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខ ប្រទេស ដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី ម៉ាលីន និងប្រតិភូទាំងមូលមកកាន់ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូល អំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងបានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីកិច្ចផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមឡើងនៅក្នុង កិច្ចប្រជុំកំពូលអាស៊ាននាកន្លងមកនេះ ៕

To Top