ប៉េកាំង៖ អ្នកនាំពាក្យចិនដីគោក បានឲ្យដឹងនៅថ្ងៃពុធនេះថា “ឯករាជ្យភាពតៃវ៉ាន់” និងសន្តិភាព គឺមិនអាចផ្សះផ្សាបានដូចភ្លើង និងទឹក ដោយជំរុញឱ្យអ្នកនយោបាយមួយចំនួននៅតៃវ៉ាន់ បោះបង់ចោលជំហរផ្តាច់ខ្លួន របស់ពួកគេ។
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេត របស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការកត់សម្គាល់ ដែលធ្វើឡើង ដោយអ្នកនយោបាយតៃវ៉ាន់មួយចំនួននាពេលថ្មីៗនេះ។
លោក Ma បានលើកឡើងថា ការស្វែងរកសន្តិភាព ការអភិវឌ្ឍន៍ ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ គឺជាសេចក្តីប្រាថ្នារួមរបស់ជនរួមជាតិ នៅលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ហើយអនុលោម តាមផលប្រយោជន៍រួមរបស់ពួកគេ។
លោក Ma បានបន្ដថា ប្រសិនបើអ្នកនយោបាយទាំងនេះ ពិតជាចង់បានសន្តិភាពនៅទូទាំងច្រកសមុទ្រ ពួកគេគួរតែបោះបង់ជំហរផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ត្រឡប់ទៅការឯកភាពឆ្នាំ១៩៩២ ហើយឈប់ដើរតួជាកូនអុក នៃកងកម្លាំងប្រឆាំងចិនខាងក្រៅ។
លោកក៏បានធ្វើការកត់សម្គាល់ផងដែរ ទាក់ទងនឹងភាពចម្រូងចម្រាស លើការបន្តការបំពេញកាតព្វកិច្ចយោធា ដល់ទៅមួយឆ្នាំនៅតៃវ៉ាន់ ដោយអាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP)៕ ប្រែសម្រួល ឈូក បូរ៉ា