ភ្នំពេញ ៖ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ កំណត់ហេតុ នៃកិច្ចពិភាក្សា ស្តីពី «គម្រោងអភិវឌ្ឍន៍ផែនទី បង្ហាញផ្លូវអន្តរកាល ថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត កាបូន» ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសរវាងក្រសួងរ៉ែ និងរដ្ឋាភិបាលជប៉ុន។
គម្រោងនេះមានគោលបំណង អភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅរកសង្គម ដែលមានអព្យាក្រឹតកាបូន សម្រាប់ប្រទេសកម្ពុជា ជាមួយនឹងការរក្សា ឱ្យបាននូវតុល្យភាព នៃសន្តិសុខថាមពល កំណើនសេដ្ឋ កិច្ច និងកិច្ចការពារបរិស្ថាន។ គម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។
យោងតាមសេចក្ដីប្រកាស ព័ត៌មានរួមរបស់ ក្រសួងរ៉ែ និង JICA នាថ្ងៃទី១១ មករា បានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល និងភាគីពាក់ព័ន្ធ ក្រុមជំនាញការរបស់ JICA នឹងពិនិត្យលើគោលនយោបាយ និងសេណារីយ៉ូពាក់ព័ន្ធទាំងអស់ វិភាគលើគុណសម្បត្តិ និង គុណវិបត្តិ នៃសេណារីយ៉ូនីមួយៗ ព្រមទាំងកំណត់អំពីបច្ចេកវិទ្យា និងវិធានការ ជាអាទិភាព ទាំងឡាយ ដែលត្រូវសម្រេច ដាក់ឱ្យប្រើប្រាស់ ជាមួយនឹងការរៀបចំសកម្មភាព គោលនយោបាយ ក្របខណ្ឌទទួលខុសត្រូវរបស់ស្ថាប័ន និងគម្រោងនិងយុទ្ធសាស្ត្រវិនិយោគ។
យោងតាមលទ្ធផល នៃការវិភាគនិងអនុសាសន៍ទាំងនេះ ចុងក្រោយបំផុត ដោយផ្អែកលើសេណារីយ៉ូ ដែលសមស្របជាងគេ ផែនទីបង្ហាញផ្លូវនេះនឹងកំណត់អំពីផែនការ សកម្មភាពនានា ដែលក្រសួងរ៉ែនិងថាមពល ត្រូវអនុវត្តឆ្ពោះ ទៅរកសង្គមអព្យាក្រឹតកាបូន។ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា រវាងភាគីទាំងពីរ គម្រោងរៀបចំផែនទី បង្ហាញផ្លូវនេះ នឹងចូលរួមចំណែកដល់ការ សម្រេចឱ្យបាននូវសង្គមអព្យាក្រឹតកាបូន សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៥០៕