ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក បានចេញការជូនដំណឹងអំពីថ្នាំស៊ីរ៉ូក្អក ចំនួនពីរប្រភេទ ដែលផលិតនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកគេត្រូវបានផ្សារ ភ្ជាប់ទៅនឹងការស្លាប់ របស់កុមារនៅក្នុងប្រទេស យូបេគីស្ថាន ។
ស្ថាប័នសុខភាពពិភពលោក បានឲ្យដឹងថា សុីរ៉ូក្អក Ambronol និង DOK-1 Max ដែលផលិតដោយក្រុមហ៊ុន Marion Biotech ត្រូវបានរកឃើញថាមាន “បរិមាណមិនអាចទទួល យកបាននៃ diethylene glycol ឬ ethylene glycol ដែលជាសារធាតុកខ្វក់”។
ការធ្វើតេស្តត្រូវបានបញ្ចប់ ដោយមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពជាតិ នៃក្រសួងសុខាភិបាលយូបេគីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។
អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា “ក្រុមហ៊ុនផលិត ដែលបានបញ្ជាក់មិនបានផ្តល់ ការធានាដល់ WHO លើសុវត្ថិភាព និងគុណភាពនៃផលិតផលទាំងនេះទេ” ។
អាជ្ញាធរយូបេគីស្ថាន បានឲ្យដឹងកាលពីខែមុនថា យ៉ាងហោចណាស់មានកុមារ ១៩ នាក់បានស្លាប់បន្ទាប់ពីបានលេបស៊ីរ៉ូក្អក។ ពួកគេបានឲ្យដឹងថា ឱសថត្រូវបានគ្រប់គ្រងដោយឪពុកម្តាយតាមការណែនាំរបស់ឱសថការី និងមិនមែនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតនោះទេ។ កម្រិតដូសពី ២,៥មីលីលីត្រ ទៅ ៥មីលីលីត្រ ដែលផ្តល់ឱ្យ ៣ ទៅ ៤ដងក្នុងមួយថ្ងៃ លើសពីបរិមាណ ដែលបានណែនាំ សម្រាប់កុមារ។
ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ខ្លួនបានពិនិត្យភ្លាមៗរោងចក្រ Marion Biotech នៅ Noida ជិតរដ្ឋធានីដេលី ហើយបានបញ្ឈប់ការផលិតថ្នាំរបស់ក្រុមហ៊ុនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា