ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ ក្នុងករណីធ្លាក់យន្ដហោះ នៅនេប៉ាល់ កើនឡើងដល់ ៦៨នាក់

កាត់មេនឌូ ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិល របស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដឹកមនុស្ស ៧២នាក់ ក្នុងនោះមានជនបរទេស ១៥នាក់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិមួយ ក្នុងទីក្រុងផូការ៉ា ភាគកណ្តាលប្រទេសនេប៉ាល់ កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦៨នាក់ ។

អ្នកនាំពាក្យលោក Gyanendra Bhul បានឲ្យដឹងថា យន្តហោះ ATR 72 turboprop កំពុងហោះហើរពីរដ្ឋធានីកាត់មេនឌូ ទៅកាន់ទីក្រុងផូការ៉ា ជាមួយនឹងអ្នកដំណើរចំនួន 68 នាក់ និងសមាជិកនាវិក ៤ នាក់នៅលើយន្តហោះ នៅពេលដែលវាបានធ្លាក់ ចូលទៅក្នុងជ្រលងនៃទន្លេ Seti ។

លោក Bhul បានលើកឡើងថា “យន្តហោះបានឆេះបន្ទាប់ពីធ្លាក់។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជាង ​៣​ម៉ោង​ទើប​រលត់បានទាំងស្រុង និងស្វែងរកសាកសពជនរងគ្រោះ​។

យោងតាមអ្នកនាំពាក្យក្រុមហ៊ុន អាកាសចរណ៍ Yeti លោក Sudarshan Bartaula បានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំង ១៥ នាក់ នៅលើជើងហោះហើរ YT691 មាន ៥ នាក់ជាជនជាតិឥណ្ឌា រុស្ស៊ី ៤ នាក់ និងកូរ៉េខាងត្បូង ២ នាក់ ។ ក៏មានម្នាក់មកពីប្រទេសអាហ្សង់ទីន អូស្ត្រាលី បារាំង និងអៀរឡង់ផងដែរ ។

ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​នោះ​មាន​កុមារ ​៦​នាក់​ក្នុង​នោះ​មាន ​៣​នាក់​ជា​ទារក។ ស្នងការប៉ូលីសរបស់ទីក្រុងផូការ៉ា លោក Ajaya K.C. បានឲ្យដឹងតាមទូរស័ព្ទថា ការស្វែងរកមនុស្ស ៤នាក់ដែលនៅសល់ត្រូវបានផ្អាក ដោយសារភាពងងឹត ហើយនឹងបន្តនៅថ្ងៃច័ន្ទនេះ។

កន្លែងធ្លាក់យន្តហោះស្ថិត នៅចន្លោះអាកាសយានដ្ឋានចាស់ក្នុងទីក្រុងផូការ៉ា និងអាកាសយានដ្ឋាន អន្តរជាតិផូការ៉ា ថ្មីដែលត្រូវបានសម្ពោធ ដោយមេដឹកនាំប្រទេសកាលពីថ្ងៃទី០១ ខែមករា ។ យន្តហោះបានធ្វើដំណើរឆ្ពោះ ទៅកាន់អាកាសយានដ្ឋានថ្មី៕

To Top