បរទេស៖អ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានប្រកាសថាអ្នកគាំទ្រ រដ្ឋាភិបាលក្រុងគៀវទាំងឡាយ ដែលបានប្តេជ្ញាចិត្ត ក្នុង ការផ្គត់ផ្គង់អាវុធធុនធ្ងន់ និងជាពិសេសរថក្រោះ ទៅឲ្យប្រទេសអ៊ុយក្រែន គឺមិនបានខ្វាយខ្វល់ ចំពោះការបាត់បង់ជីវិត កាន់តែច្រើនឡើង របស់ពលរដ្ឋនិងយោធាអ៊ុយក្រែន នោះទេពីព្រោះថាពួកគេមានបំណងតែមួយគត់ គឺធ្វើឲ្យរុស្សីទទួលរងភាពឈឺចាប់ និងបរាជ័យ ។
លោកអ្នកនាំពាក្យបានបន្តទៀតថា ការសន្យាដោយប្រទេសលោកខាងលិច ដែលមានដូចជាប៉ូឡូញ និងអង់គ្លេសជាមួយនឹងរថក្រោះ ប្រយុទ្ធជួរមុខទៅឲ្យអ៊ុយក្រែននោះគឺ បានត្រឹមតែធ្វើឲ្យជម្លោះនេះ កាន់តែរិករាលដាល ធំឡើងប៉ុណ្ណោះ ហើយជាពិសេសវានឹងមិនអាចធ្វើលទ្ធផល មានការកែប្រែលើសពីនេះឡើយ ។
លោក Peskov បានលើកឡើងទៀតថា រថក្រោះទាំងនោះនឹងត្រូវបំផ្លិចបំផ្លាញទាំងអស់ ដូចទៅនឹងអាវុធផ្សេងទៀត ដែលរុស្សីបានបំផ្លាញកន្លងមក។
គួរឲ្យដឹងដែរថា បណ្តាប្រទេសនៅក្នុងសម្ព័ន្ធមិត្តអង្គការ ណាតូ ជាច្រើនបានសន្យាក្នុងការផ្តល់រថក្រោះធុនធ្ងន់ ទៅឲ្យអ៊ុយក្រែនក្នុងនោះមានអង់គ្លេស នឹងផ្តល់រថក្រោះប្រភេទ Challenger 2 ចំនួន១៤គ្រឿង ខណៈដែល អាមេរិកបារាំងនិងអាល្លឺម៉ង់ ក៏បានសន្យាផ្តល់រថយន្តប្រយុទ្ធទំនើបៗ ជាច្រើនគ្រឿងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី