ព័ត៌មានជាតិ

មណ្ឌលឆៀករថយន្ដ ថ្មីមួយកន្លែងទៀត តាមបណ្តោយមហាវិថីហាណូយ ត្រូវ​បានបើកដំណើរ ការសាកល្បង

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មីមួយកន្លែងទៀត នៅតាមបណ្តោយមហាវិថីហាណូយ បានបើកដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣តទៅ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ នាថ្ងៃទី១៧ មករា បានបញ្ជាក់ឱ្យដឹងថា «ដើម្បីឆ្លើយតបទៅនឹងកំណើន យានយន្តក្នុង ប្រទេសកម្ពុជា និងជាពិសេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកការ ផ្តល់សេវាសាធារណៈ ឱ្យកាន់តែទូលំទូលាយ និងកាន់តែខិតជិត បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) បានសម្រេចបើកឱ្យដំណើរ ការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មីមួយកន្លែងនៅតាមបណ្តោយមហាវិថីហាណូយ ជិតច្រកចូលវត្តសំរោងអណ្តែត»។

ក្រសួង បន្ដថា មណ្ឌលឆៀកថ្មីរបស់ក្រុមហ៊ុន ខេមបូឌា ម៉ូទ័រវីហ៊ីឃល អ៊ិនស្ពេកសិន (Cambodia Motor Vehicle Inspection) បានទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មពី ក្រសួងសាធារណការ ដែលធានាបានថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទីនេះ គឺប្រកបដោយភាពត្រឹមត្រូវគ្រប់លក្ខខណ្ឌ តាមបទដ្ឋានបច្ចេកទេស។

សូមបញ្ជាក់ថា មណ្ឌលត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តថ្មី ហាណូយសំរោងអណ្តែត មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មណ្ឌលបើកដំណើរការរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍៕

To Top