ព័ត៌មានជាតិ

ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំពងទឹក បើកការដ្ឋាន គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៨០០ម៉ែត្រ គម្រោងឆ្នាំ២០២២

ស្វាយរៀង៖ លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋាន គម្រោងជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៨០០ម៉ែត្រគម្រោងឆ្នាំ២០២២  ឆ្លងកាត់ចំនួន ២ភូមិ គឺភូមិសេកយំ ប្រវែង ១,៥០០ម៉ែត្រ និងភូមិព្រៃតាយ័ន្តប្រវែង ៣០០ម៉ែត្រ។

ការដ្ឋានជួសជុលនេះដែរ មានការចូលរួមដោយមានការចូលរួម មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ឋខេត្ត ប្រចាំស្រុករំដួល តំណាងអ្នកទទួលការក្រុមហ៊ុន និងក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ ភូមិ សេកយំ និង ភូមិព្រៃតាយ័ន្ត ប្រជាការពារភូមិ ប្រជាពលរដ្ឋ ចូលរួមចំនួន ១០០ នាក់ស្រី ៣៩នាក់។

លោករស់ ផារិទ្ធបានថ្លែងថា សមិទ្ធិផល ផ្លូវមួយខ្សែក្នុងភូមិសេកយំ ឃុំពងទឹកនេះ មានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរ ឆ្លងកាត់និងដឹកកសិកផល ផ្សេងៗបន្ទាប់ពីទទួលរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ នាឆ្នាំ២០២២កន្លងទៅនេះ។

លោក រស់ផារិទ្ធ បានបន្តថា ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែង របស់អាជ្ញាធរឃុំពងទឹក សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ឆ្លងកាត់ទៅមក ដើម្បីកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាម សេដ្ឋកិច្ចជាតិដ៏សំខាន់ បើមានផ្លូវល្អគឺធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

លោកបានបន្តថា សមិទ្ធផលផ្លូវដែល បើកការដ្ឋានស្ថាបនានៅថ្ងៃនេះ គឺផ្តើមចេញពីការយក ចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានា ជូនដល់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះលោករស់ ផារិទ្ធ ក៏បានជំរុញដល់លោកតាលោកយាយ ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំពងទឹក ត្រូវយកចិត្តទុកដាក់លើការ ថែរក្សាសុខភាពជាចំបង ជាពិសេស សូមបងប្អូនអញ្ជើញ ទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នាតាមការ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួលដើម្បីជារបស់កំដរដៃ ក៏បានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួម ១០០នាក់ ក្នុងម្នាក់ ក្រមា ១ និងបានប្រគេនទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត សេកមាសផងដែរ ៕

To Top