ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសជាច្រើនស្វាគមន៍ ភ្ញៀវទេសចរណ៍ចិន ហើយរំពឹងទុកប្រទេសចិន ជំរុញការស្តារឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក

ចាប់តាំងពីប្រទេសចិន បានកែលំអវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិ និងសមត្ថភាពផ្តល់សេវាកម្មធានា លើគ្រប់វិស័យ ប្រទេសចិន បានបើកឡើងវិញនូវការធ្វើដំណើរ ទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋចិនឡើងវិញ ដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។

ទីផ្សារទេសចរណ៍សកល បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិន យ៉ាងរាក់ទាក់កក់ក្តៅ ។ សហគមន៍អន្តរជាតិ ទទួលសម្គាល់ជាទូទៅថា ការដែលប្រទេសចិន កែលំអវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេស មានភាពងាយស្រួល និងបើកឡើងវិញ នូវការធ្វើដំណើរទៅក្រៅប្រទេស ប្រការទាំងនេះ មានអំណោយផលដល់ការជំរុញ ការអភិវឌ្ឍទេសចរណ៍ពិភពលោក ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាបំពេញបន្ថែមភាពរស់រវើក កាន់តែច្រើនដល់ការជំរុញ ការផ្លាស់ប្តូរ និងចំណងមិត្តភាព រវាងប្រជាជនចិននិងបរទេស ។

ប្រទេសជាច្រើនដូចជារុស្សី កម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាល់ឌីវ និងសិង្ហបុរីជាដើម បានសំដែងថា ពួកគេនឹងមិនចាត់វិធានការ ដាក់កំហិតលើការចូលដែន របស់អ្នកទេសចរណ៍ចិននោះទេ ហើយបាននាំគ្នាបើកទ្វារស្វាគមន៍ ភ្ញៀវទេសចរណ៍ចិន ។ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិន ចំនួន២លាននាក់ នៅឆ្នាំ២០២៣នេះ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា ស្តារឡើងវិញក្នុងពេលឆាប់ៗ។ វេបសាយ​ 《Lianhe Zaobao》 ប្រទេសសិង្ហបុរី បានរាយការណ៍ថា ប្រទេសចិន បើកឡើងវិញឱ្យប្រជាពលរដ្ឋចិន ធ្វើដំណើរទៅក្រៅប្រទេស ដ៏មានសណ្តាប់ធ្នាប់ នឹងជំរុញឱ្យភ្ញៀវទេសចរណ៍ចិន ត្រឡប់ទៅធ្វើទេសចរណ៍ នៅសិង្ហបុរីវិញ ដែលអាចលើកកម្ពស់ ចំណាយនៅក្នុងស្រុក ។ ឧបនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត បានធ្វើធ្វើដំណើរទៅកាន់ ព្រលានយន្តហោះ ដើម្បីទទួលស្វាគមន៍ ជើងយន្តហោះចិន ទៅកាន់ប្រទេសថៃ ព្រមទាំងបានជូនកញ្ចប់បង្ការ ជំងឺឆ្លងនិងកម្រងផ្កា អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ជាតិថៃ បាននិយាយជាភាសាចិន ទៅកាន់ភ្ញៀវទេសចរណ៍ចិនថា “ចិននិងថៃ ជាគ្រួសារតែមួយ”។ នៅថ្ងៃទី១៨ខែមករា រដ្ឋាភិបាលម៉ាល់ឌីវ បានរៀបចំពិធីទ្វារទឹកយ៉ាងឱឡារិក ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ដែលធ្វើដំណើរតាមជើងយន្តហោះ ហើរត្រង់ជាលើកដំបូង ពីប្រទេសចិនទៅកាន់ម៉ាល់ឌីវ ។

ក្នុងរយៈពេល៣ឆ្នាំ ដែលទប់ទល់នឹងជំងឺកូវីដ១៩ រដ្ឋាភិបាលចិន បានធ្វើការខិតខំពេញទំហឹង ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងសុខភាព របស់ជនជាតិចិនគ្រប់រូប។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ចំនួនជាង២ពាន់២រយលានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិ ចំនួនជាង១៥០ បានផ្តល់សម្ភារៈទប់ទល់ នឹងការរីករាលដាល នៃជំងឺកូវីដ១៩ សរុបរាប់រយពាន់លាន ដល់១៥៣ប្រទេស និងអង្គការអន្តរជាតិចំនួន១៥ ព្រមទាំងបានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តប្រឆាំងការរីករាលដាល នៃជំងឺកូវីដ១៩ ចំនួន៣៨ក្រុម ទៅកាន់៣៤ប្រទេស។ ពិភពលោកទាំងមូល មើលឃើញយ៉ាងច្បាស់លាស់ នូវការរួមចំណែករបស់ប្រទេសចិន ដល់ពិភពលោក ។

នាពេលបច្ចុប្បន្ននេះ ស្របពេលជាមួយនឹងចិន បានកែលំអវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ គ្រប់ទីកន្លែងនៃប្រទេសចិន ហាក់ដូចជាបានចុចប៊ូតុង “ឆ្ពោះទៅមុខលឿន” នៃការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានពន្លឿន ការស្តារផលិតកម្មឡើងវិញ ធ្វើឱ្យទីផ្សារពាណិជ្ជកម្មងើបឡើងវិញ តំបន់ទេសចរណ៍ជាង៧០ភាគរយ បានធ្វើអាជីវកម្មឡើងវិញ ហើយនៅតាមផ្លូវ ក្នុងផ្សារទំនើបនិងភោជនីយដ្ឋាន ក៏មានអ្នកដំណើរ និងភ្ញៀវពេញទាំងអស់ ។ ថ្ងៃទី២១ខែមករា ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាបុណ្យសំខាន់បំផុត របស់ជនជាតិចិន។ ប៉ុន្មានថ្ងៃនេះ ការដឹកជញ្ជូននៅប្រទេសចិន ក៏បានឈានដល់ដំណាក់កាលកំពូល នៃការធ្វើដំណើរនៅបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនផងដែរ។

យោងតាមទិន្នន័យស្ថិតិ បានបង្ហាញឱ្យឃើញថា អំឡុងពេល ១២ ថ្ងៃដំបូង នៃការដឹកអ្នកដំណើរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន (ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៨ ខែមករា) ផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងអាកាសចរណ៍ស៊ីវិល នៅទូទាំងប្រទេសចិន បានដឹកអ្នកដំណើរសរុបចំនួន ៤ រយ ៨០ លាននាក់ ដែលបានកើនឡើង ៤៧,១ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។

នេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយ បន្ទាប់ពីប្រទេសចិន បានកែសម្រួលគោលនយោបាយ បង្ការជំងឺកូវីដ១៩ សង្គមចិនបានបង្ហាញឱ្យឃើញ នូវកម្លាំងរស់រវើកដែលមិនអាចប្រៀបផ្ទឹមបាន ។ រយៈពេល៣ឆ្នាំ នៃការរីករាលដាលជំងឺកូវីដ១៩ សេដ្ឋកិច្ចពិភពលោក បានរងផលប៉ះពាល់យ៉ាងខ្លាំង។ ចំណែកប្រទេសចិន បានដើរតាមផ្លូវដែលអាចបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផង ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ដូច្នេះចិនបានក្លាយជា “ក្បាលម៉ាស៊ីន” នៃការងើបឡើងវិញសេដ្ឋកិច្ចសកល។ មតិមហាជនក្នុងស្រុក និងអន្តរជាតិ សម្គាល់ឃើញជាទូទៅថា ឆ្នាំនេះ ដំណើរសេដ្ឋកិច្ចរបស់ចិន មានសង្ឃឹមកើនឡើងជាទូទៅ។ ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុ នៃប្រទេសជាច្រើនបាននាំគ្នាដំឡើង ការប៉ាន់ប្រមាណចំពោះល្បឿន កំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំនេះ។ លោក Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា ការកែសម្រួលគោលនយោបាយ បង្ការជំងឺកូវីដ១៩ របស់ប្រទេសចិន នឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត និងជួយដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិ សម្គាល់ឃើញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងជាលំដាប់ ហើយនឹងក្លាយជាកត្តាវិជ្ជមាន ដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក។

នៅដើមឆ្នាំ២០២៣ ភាពរស់រវើកនៃសេដ្ឋកិច្ចសង្គមចិន កំពុងត្រូវបានបញ្ចេញបន្ថែមទៀត ហើយបណ្តាប្រទេសពិភពលោក ក៏កំពុងរំពឹងទុកប្រទេសចិនរួមចំណែក ក្នុងការអភិវឌ្ឍទេសចរណ៍ពិភពលោក និងជំរុញការស្តារឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានប្រទេសមួយចំនួនតិច មិនអើពើការពិតផ្នែកវិទ្យាសាស្ត្រ និងស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ១៩ របស់ខ្លួន ចាត់វិធានការដាក់កំហិត លើការចូលដែនប្រកបដោយភាពរើសអើង សំដៅចំពោះប្រទេសចិន។ យ៉ាងណាមិញ មិនថាពួកគេធ្វើឧបាយកលនយោបាយ ប៉ុណ្ណាក៏ដោយ ពួកគេក៏មិនអាចលុបបំបាត់ចោល សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩នោះដែរ។

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩សកល នៅមិនទាន់បញ្ចប់នៅឡើយទេ បណ្តាប្រទេសនានា មានតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទើបអាចដើរចេញផុត ពីស្រមោលខ្មៅក្នុងពេលឆាប់ៗ ។ ប្រទេសចិន ដែលបាននិងកំពុងស្តារឡើងវិញ ឥតឈប់ឈរ នឹងជំរុញការទប់ទល់នឹងជំងឺកូវីដ១៩ ប្រកបដោយសាមគ្គីភាពជាបន្តបន្ទាប់ ដើម្បីរួមចំណែករបស់ចិន ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ៕

To Top