ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន និងហ្វាំងឡង់ ជួបពិភាក្សាគ្នាលើកញ្ចប់ជំនួយ និងតំបន់ជួរមុខ នៃជម្លោះជាមួយរុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងសមភាគីហ្វាំងឡង់ ដែលមកបំពេញ ទស្សនកិច្ចរបស់លោក គឺលោក Sauli Niinisto បានពិភាក្សាអំពីបញ្ហាសន្តិសុខ ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ពួកគេនៅទីក្រុងគៀវ កាលពីថ្ងៃអង្គារ ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា លោក ហ្សេឡិនស្គី និងលោក Niinisto បានជជែកគ្នាអំពីសន្តិសុខក្នុងតំបន់ បញ្ហាដែលប៉ះពាល់ផ្ទាល់ដល់សន្តិសុខអ៊ុយក្រែន និងហ្វាំងឡង់ និងកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី។

លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណ ដល់ប្រទេសហ្វាំងឡង់ សម្រាប់ការផ្តល់កញ្ចប់ជំនួយផ្នែកការពារជាតិចំនួន ១២ សម្រាប់អ៊ុយក្រែន និងជួយក្នុងការស្តារវិស័យ ថាមពលរបស់អ៊ុយក្រែនឡើងវិញ បន្ទាប់ពីការវាយ ប្រហាររបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន បានជូនដំណឹងដល់សមភាគីហ្វាំងឡង់ អំពីស្ថានភាពបច្ចុប្បន្ន នៅតំបន់ជួរមុខនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក ហ្សេឡិនស្គី បានលើកឡើងថា “យើងក៏បានពិភាក្សាអំពីការចូលរួម របស់ប្រទេសហ្វាំងឡង់ នៅក្នុងសម្ព័ន្ធនៃបណ្តាប្រទេស ដែលមានគោលបំណងផ្តល់ ឱ្យអ៊ុយក្រែននូវរថក្រោះ លោកខាងលិចទំនើប” ។

សម្រាប់ផ្នែករបស់លោកវិញ លោក Niinisto បានជូនដំណឹងថា ហ្វាំងឡង់ បានផ្តល់ជំនួយ ដែលមានតម្លៃជិត ៦០០លានអឺរ៉ូ (ប្រហែល ៦៥៣ លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន និងបានផ្តល់ជម្រកដល់ពលរដ្ឋ អ៊ុយក្រែនប្រហែល ៥០០០០នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top