ភ្នំពេញ៖ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវក្ដីសង្ឃឹមថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែង ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រឡប់មកប្រក្រតីភាពឡើងវិញ ។
ការសម្ដែងក្ដីសង្ឃឹមរបស់ប្រមុខការទូតជប៉ុនបែបនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងអំឡុងពេលលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រីទាំងពីរ បានលើកឡើងពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ដែលរដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពឲ្យមានការចាប់ផ្តើម ឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស នៅប្រទេសជប៉ុន និងបានសម្តែងនូវការប្តេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទំាងពីរ។
ជាមួយគ្នានោះលោក ហាយ៉ាហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវការកោតសរសើរ និងអបអរសាទររបស់ជប៉ុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក្នុងពេលនោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងអំណរគុណចំពោះការចូលរួមរបស់ជប៉ុន និងបានថ្លែងពីការគំាទ្រយ៉ាងពេញលេញពីសំណាក់កម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបតិ្តការអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នេះ។
រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ដូចជា សង្គ្រាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា លោក ហាយ៉ាហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវ ការកោតសរសើរយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រឡប់មកប្រក្រតីភាពឡើងវិញ និងសង្ឃឹមថា «កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ» ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់សាជាថ្មី នូវការគាំទ្រឥតងាក រេរបស់កម្ពុជា ចំពោះជប៉ុន ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពន្លឿនឱ្យ មានដំណោះស្រាយឆាប់រហ័ស លើបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង ។ លើសពីនេះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការគាំទ្រ របស់កម្ពុជា ចំពោះគោលការណ៍សំខាន់បី នៃយុទ្ធសាស្ត្រសន្តិសុខជាតិជប៉ុន (NSS) ដែលផ្តោតលើវិភាគទានប្រកបដោយបុរេសកម្មដើម្បីសន្តិភាព គុណតម្លៃសកល និងសន្តិសហវិជ្ជមាន ព្រមទំាងវិបុលភាពរួមគ្នាជាមួយ នឹងបណ្តាប្រទេសនានាដទៃទៀត ៕