ព័ត៌មានអន្តរជាតិ

ស្វីសដែលជាប្រទេស អព្យាក្រឹត បោះឆ្នោតសម្រេច លើការផ្តល់ សព្វាវុធឱ្យអ៊ុយក្រែន

បរទេស ៖ គណៈកម្មាធិការគោល នយោបាយសន្តិសុខ នៃសភានៅទីក្រុង Bern ប្រទេសស្វីស បានបោះឆ្នោត កាលពីថ្ងៃអង្គារ ក្នុងការអនុញ្ញាតឱ្យប្រទេសភាគី ទីបី ចែកចាយអាវុធ ដែលផលិតដោយស្វីស ទៅកាន់អ៊ុយក្រែនបាន ។ ច្បាប់បច្ចុប្បន្នរបស់ប្រទេសស្វីស គឺហាមឃាត់ការនាំចេញ បែបនេះទៅកាន់ប្រទេស ដែលពាក់ព័ន្ធនឹងជម្លោះអន្តរជាតិ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានសំឡេងគាំទ្រចំនួន ១៤ និងប្រឆាំងចំនួន ១១សំឡេង គណៈកម្មាធិការ បានអនុម័តលើចលនា កែប្រែច្បាប់សម្ភារៈសង្គ្រាម ដូច្នេះវា នឹងលែង ទាមទារការប្រកាសពីការ មិននាំចេញឡើងវិញនៃបណ្តាប្រទេស សហភាពអឺរ៉ុប ដែលមានបំណងផ្គត់ផ្គង់ អាវុធឱ្យទីក្រុងគៀវ ។

គណៈកម្មាធិការនេះបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ចលនានេះស្នើឱ្យផ្អាកតម្រូវការ “ក្នុងករណីដែលមានការ រំលោភបំពានលើបម្រាម អន្តរជាតិលើការប្រើកម្លាំង និងជាពិសេសនៅក្នុង ករណីនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ភាគច្រើននៃគណៈកម្មាការ បានចាត់ទុកថា ប្រទេសស្វីសគួរតែរួមចំណែកដល់សន្តិសុខអឺរ៉ុប ដោយឆ្លងកាត់តាមរយៈការ ផ្តល់ជំនួយដ៏សំខាន់បន្ថែមទៀត ដល់អ៊ុយក្រែន” ។

ការផ្លាស់ប្តូរគួរតែត្រូវបានអនុម័ត “យ៉ាងឆាប់រហ័ស” ហើយនៅតែ មានរហូតដល់ចុងឆ្នាំ ២០២៥ នេះបើយោងតាមសំណើច្បាប់ ។ រដ្ឋាភិបាលស្វីសនៅតែអាចវេតូការ ផ្ទេរសព្វាវុធក្នុងករណីដែលវា នឹងបង្កហានិភ័យ “ធំ” ដល់គោលនយោបាយការបរទេស របស់ស្វីស។ សំណើច្បាប់នេះនឹងទៅដល់សភា ពេញលេញដើម្បីបោះឆ្នោត ៕

To Top