ព័ត៌មានជាតិ

កម្ពុជា ស្នើអង់គ្លេស ពិចារណាវិនិយោគ លើការកែច្នៃ ផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម

ភ្នំពេញ៖ កម្ពុជា បានស្នើចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ។

ការស្នើនេះបានធ្វើឡើងក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្ម អនុញ្ញាតឲ្យលោក Dominic WILLIAMS ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការ ងារ នាថ្ងៃទី២៥ មករា ។

ក្នុងជំនួបនោះលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានបង្ហាញ នូវការពេញចិត្ត ចំពោះការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មី របស់ចក្រភពអង់គ្លេស បានផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ។ ការផ្តល់នេះបាន រួមចំណែក ក្នុងការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា ជំរុញការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសចូលរួមក្នុងការស្តារ សេដ្ឋកិច្ចឡើងវិញពីវិបត្តជំងឺកូវីដ-១៩ ។

បន្ថែមពីនេះ ភាគីទាំងពីរ បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈ ក្នុងការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគី ររវាងប្រទេសទាំងពីសម្រេចបានប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ២៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦ លានដុល្លារអាម៉េរិក។ ទំនិញនាំចេញសក្តានុពលពី កម្ពុជាទៅចក្រភពអង់គ្លេស រួមមាន៖ សំលៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពល ពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន៖ គ្រឿងយន្ត ឱសថ និងភេសជ្ជៈ៕

To Top