ភ្នំពេញ ៖ គណបក្ស ប្រជាធិបតតេយ្យមូលដ្ឋាន(គ ប ម) ដែលចង់ឲ្យទំលាក់ថវិកា ក្នុង១ឃុំ-សង្កាត់ ចំនួន១លានដុល្លារ ត្រូវបានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងតបទៅវិញថា មិនអាចធ្វើតាមសំណូមពរ ហើយក៏មិនអាចមិនទៅរួចនោះដែរ ។
លោក សុខ ឥសាន បានហៅថា ការចង់បានរបស់គ ប មនេះ គឺគោលនយោបាយខ្យល់ របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ។
អ្នកនាំពាក្យបក្ស កាន់អំណាចតាមរយៈតេឡេក្រាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងថា “ចង់ឲ្យបង្កើនថវិកាដល់មូលដ្ឋាន១លានដុល្លារសម្រាប់ឃុំ-សង្កាត់នោះ គឺជានយោបាយខ្យល់ របស់អតីតគណបក្សសង្រ្គោះជាតិ កាលឃោសនាភូតកុហក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក” ។
លោកថា បើចង់បានអញ្ចេះចង់អញ្ចុះ របស់មេបក្សចាញ់ឆ្នោត ដូចនិយាយនោះ លុះត្រាតែធ្វើឲ្យគណបក្សខ្លួនឈ្នះឆ្នោតសិន ទើបអាចអនុវត្តតាមចិត្តខ្លួនបាន ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃ២៥ តុលា បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា បែងចែកថវិកាជាតិរហូតដល់២៥ភាគរយ ដើម្បីយកទៅអភិវឌ្ឍន៍មូលដ្ឋានរហូតដល់១លានដុល្លារក្នុង១ឃុំ-សង្កាត់ ។ ក្នុងនោះជាពិសេស ត្រូវធានាឲ្យមានផ្លូវល្អ មន្ទីរពេទ្យល្អ សាលារៀនល្អ និងគ្រូកសិកម្មល្អ ៕