ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការបែកបាក់ជាតិសាសន៍ និងសាសនា ជាមហន្តរាយដ៏ធំ មិនត្រូវឱ្យកើតមានឡើងនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើដល់ជនរួមជាតិថា ការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្តរាយដ៏ធំមួយ ដែលមិនត្រូវឱ្យកើតមានឡើង ប្រទេសកម្ពុជានោះទេ។

ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្ត ត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងពិតជាមិនឱ្យទឹកដីរបស់យើង ញាំញីទៅដោយជម្លោះសាសនា ការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្តរាយដ៏ធំមួយ ដែលមិនត្រូវឱ្យកើតមាន ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ»។

សម្ដេចតេជោ បន្ដថា កម្ពុជាកាន់តែមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ នេះមិនត្រឹមតែជាមោទនភាព សម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ដែលបណ្ដាលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូន ដល់ប្រជាពលរដ្ឋគ្រប់សាសនា។

លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា គ្រិស្តបរិស័ទ បានចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គមនៅកម្ពុជា ដូចជា៖ បញ្ហាសង្គមការអភិវឌ្ឍន៍ ធនធានមនុស្សវិស័យមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ សម្ដេច ក៏បានថ្លែងអំណរគុណដល់ គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ ៕

To Top