ព័ត៌មានជាតិ

ប្រធានសាខា កាកបាទក្រហម ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី ១៣ ជូន ពលរដ្ឋទ័លលំបាក និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ ៨០ គ្រួសារ

កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងសហការី នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញ ប្រគល់ផ្ទះមនុស្សធម៏ទី១៣ ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ  ឈ្មោះ ជួន សាវឿន អាយុ ៤២ឆ្នាំ និងបាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ៨០ គ្រួសារផងដែរ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

នាយកប្រតិបត្តិនៃសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ក្រៅពីផ្តល់ផ្ទះ ជូន លោក ជួន សាវឿន លោកប្រធានសាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោក ជួន សាវឿន សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

បន្ទាប់ពីបានប្រគល់ផ្ទះមនុស្សធម៌ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលខ្វះខាតជីវភាព មកពីឃុំទាំង ៨ សរុបចំនួន ៨០ គ្រួសារ ដែលបាន ប្រព្រឹត្តទៅ នៅក្នុងបរិវេណ វត្តមហាលាភ ក្នុងឃុំមហាលាភ ស្រុកកោះសូទិនផងដែរ ។

នាយកប្រតិបត្តិនៃសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ពលរដ្ឋដែលងាយរងគ្រោះបំផុតទាំង ៨០គ្រួសារ នេះ  រួមមាន ស្ត្រីមេម៉ាយទ័លលំបាក ចំនួន ២៥គ្រួសារ ចាស់ជរាគ្មានទីពឹងចំនួន ៤៣គ្រួសារ និងជនមានពិការភាព ចំនួន ១២ គ្រួសារ ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេច តែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយឡើយ តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងមិនទុកនរណាម្នាក់ចោល ។

លោកប្រធានសាខា ក៏បានយកឱកាសនោះ ក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព ឲ្យបានល្អ រស់នៅ ត្រូវមានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់ នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ទៀត ។ ទន្ទឹមនេះសូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់ៗគ្នា  ដើម្បីបង្កភាពស៊ាំសហគមន៍ ទប់ស្កាត់ការឆ្លងរាលដាល នៃ វីរុស បម្លែងថ្មី កូវីដ១៩ ។ 

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ទាំង ៨០គ្រួសារ, ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ឃីត (សារុង មុង  ភួយ ក្រមា ) ១កញ្ចប់ សាប៊ូ ៦ដុំ អាវយឺត ៤ ម៉ាស់ ១០បន្ទះ  និងថវិកាចំនួន ៥០,០០០រៀល ៕

To Top